ក្រុមជំនួយការសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បន្តនាំយកអំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០តោនបន្ថែម

(ភ្នំពេញ)៖ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ ក្រុមជំនួយការរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បាននាំយកអង្ករ និងថវិកា ដែលជាអំណោយឧបត្ថម្ភប្រចាំខែរបស់សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត ប្រគល់ជូនមណ្ឌលមែកឈើ ដែលជាមណ្ឌលថែទាំកុមារកំព្រា ក្នុងរាជធានីភ្នំពេញ។
ការឧបត្ថម្ភនេះបានបន្តជាប្រចាំខែ អស់រយៈពេលជិត ២ឆ្នាំមកហើយ ក្នុងគោលបំណងរួមចំណែកសម្រាលបន្ទុកចំណាយប្រចាំថ្ងៃរបស់មណ្ឌល និងគាំទ្រដល់ការរស់នៅ ការថែទាំ និងការអប់រំរបស់កុមារ។ ក្នុងឱកាសនោះ ក្រុមជំនួយការក៏បានជួបសំណេះសំណាលជាមួយគណៈគ្រប់គ្រងមណ្ឌល ដើម្បីស្វែងយល់បន្ថែមអំពីស្ថានភាពរស់នៅ និងតម្រូវការចាំបាច់នានា។
ដោយមើលឃើញពីតម្រូវការសម្ភារសំណង់សម្រាប់ការសាងសង់អគារបន្ថែមរបស់មណ្ឌល ក្រុមជំនួយការក៏បានជម្រាបអំពីការឧបត្ថម្ភស៊ីម៉ង់ត៍ចំនួន ១០តោនបន្ថែមទៀត ដែលជាអំណោយដ៏ខ្ពង់ខ្ពស់របស់សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត ដើម្បីរួមចំណែកគាំទ្រដល់ការសាងសង់អគារនេះ។
ឆ្លៀតក្នុងឱកាសនោះដែរ ក្រុមជំនួយការបានចំណាយពេលជួបសំណេះសំណាលយ៉ាងស្និទ្ធស្នាលជាមួយក្មួយៗក្នុងមណ្ឌល ព្រមទាំងចែកនំជូនក្មួយៗ និងផ្តល់ឱកាសឱ្យកុមារមួយចំនួនឡើងនិយាយដោយស្ម័គ្រចិត្ត អំពីការសិក្សា មុខវិជ្ជាដែលខ្លួនចូលចិត្ត និងក្តីស្រមៃសម្រាប់អនាគតរបស់ពួកគេ។
សកម្មភាពនេះបានបង្កើតបរិយាកាសកក់ក្តៅ និងរីករាយ ព្រមទាំងផ្តល់ឱកាសឱ្យកុមារបង្ហាញពីគំនិត បំណងប្រាថ្នា និងក្តីសង្ឃឹមរបស់ខ្លួន។ ការបន្តឧបត្ថម្ភ និងការយកចិត្តទុកដាក់នេះ បង្ហាញពីសារៈសំខាន់នៃការគាំទ្រដល់ សុខុមាលភាព កុមារជាប្រចាំ មិនត្រឹមតែរួមចំណែកសម្រាលការលំបាកក្នុងជីវភាពរស់នៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបង្កើនឱកាសឱ្យកុមារទទួលបានការថែទាំ ការអប់រំ និងក្តីសង្ឃឹមក្នុងការកសាងអនាគតដ៏ល្អប្រសើរផងដែរ៕


