ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបសកម្មភាព និងលទ្ធផលការងារចុះមូលដ្ឋានប្រចាំត្រីមាសទី៣ ឆ្នាំ២០២៦ និងទិសដៅការងារបន្តរបស់ក្រុមការងារ។

ពិធីនេះបានធ្វើឡើងនៅសាលមហោស្រពខេត្តក្រចេះ ដោយមានការចូលរួមពីសំណាក់អនុប្រធានក្រុមការងារ សមាជិកក្រុមការងារចុះមូលដ្ឋានក្រុង ស្រុក ឃុំ សង្កាត់ ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធជាច្រើនរូប។
កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ធ្វើឡើងក្នុងគោលបំណងត្រួតពិនិត្យ វាយតម្លៃ ជំរុញ និងគាំទ្រដល់ការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងភូមិសាស្ត្រខេត្តក្រចេះ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
តាមរយៈកិច្ចប្រជុំនេះ ក្រុមការងារបានពិនិត្យមើលវឌ្ឍនភាពការងារដែលសម្រេចបាន ក៏ដូចជាកំណត់ទិសដៅ និងយន្តការបន្ត ដើម្បីធានាថាគោលនយោបាយរបស់រាជរដ្ឋាភិបាលត្រូវបានអនុវត្តប្រកបដោយជោគជ័យ និងឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងខេត្តក្រចេះ៕



