ទឹកចិត្តមហាថ្លៃថ្លា និងការយកចិត្តទុកដាក់ដ៏ធំធេងរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំពោះគ្រួសារវីរយុទ្ធជនពលី …!!

ក្នុងនាមជាម្លប់ដ៏កក់ក្តៅ និងជាទីពឹងដ៏ខ្ពង់ខ្ពស់បំផុត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តែងតែយកចិត្តទុកដាក់ខ្ពស់ជាប្រចាំ និងមិនដែលភ្លេចគិតពីសុខទុក្ខ ព្រមទាំងជីវភាពរស់នៅរបស់គ្រួសារយោធិនពលី ដែលបានពលីជីវិតយ៉ាងអង់អាចក្លាហានក្នុងបេសកកម្មការពារបូរណភាពទឹកដី និងសុខសន្តិភាពរបស់មាតុភូមិឡើយ។
ឆ្លើយតបទៅនឹងស្មារតីដឹងគុណដ៏ជ្រាលជ្រៅនេះ ក្នុងឱកាសពិធីកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌដ៏នក្ខត្តឫក្ស កាលពីថ្ងៃទី១៣-១៤ ខែតុលា ឆ្នាំ២០២៦នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់តំណាងដ៏ខ្ពង់ខ្ពស់ គឺ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា អញ្ជើញចុះផ្ទាល់ដើម្បីសួរសុខទុក្ខ នាំយកអំណោយមនុស្សធម៌ និងថវិកាដ៏មានតម្លៃ ទៅប្រគល់ជូនគ្រួសារយោធិនពលី ៣គ្រួសារ ដែលបានពលីក្រោយពេលលើកទង់ជាតិប្រទេសកម្ពុជាលើភ្នំទ្រព្យ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និង ៣គ្រួសារទៀត ពលីក្នុងសមរភូមិ ដែលក្រុមគ្រួសាររស់នៅតាមគេហដ្ឋាន និងបន្ទាយ ស្ថិតក្នុងខេត្តកំពត ខេត្តព្រៃវែង និងខណ្ឌកំបូល រាជធានីភ្នំពេញ។
សកម្មភាពដ៏ប្រពៃនេះ បានសបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ពីមនោសញ្ចេតនា ទឹកចិត្តមេត្តាករុណា និងការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងការបន្តគាំទ្រ និងលើកទឹកចិត្តដល់ក្រុមគ្រួសារនៃវីរជនការពារជាតិ ដើម្បីធានាបាននូវការឧបត្ថម្ភគាំទ្រ និងភាពកក់ក្តៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ៕



