ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

(ភ្នំពេញ)៖ ឯកអគ្គរដ្ឋទូតថ្មីរបស់អ៊ីរ៉ង់ប្រចាំនៅកម្ពុជា លោក Akbar Ghasemi Ali Abadi ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការរវាងអ៊ីរ៉ង់ និងកម្ពុជា ឱ្យកាន់តែល្អប្រសើរថែមទៀត ក្នុងកំលុងពេលបំពេញបេសកកម្មនៅកម្ពុជា។
នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោកឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។
ក្នុងជំនួបនោះ លោកឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងកម្ពុជា និងអ៊ីរ៉ង់ ព្រមទាំងបានគូសបញ្ជាក់ពីការប្ដេជ្ញាចិត្តក្នុងការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី បន្ថែមទៀត។ លោកបានបង្ហាញចំណាប់អារម្មណ៍ស្វែងរកកាលានុវត្តភាពបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួន។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអបអរសាទរលោក Akbar Ghasemi Ali Abadi ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំនៅកម្ពុជា។ សម្តេចមហាបវរធិបតី បានកត់សម្គាល់ទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ និងមានជំនឿជាក់ថា អាណត្តិការទូតរបស់លោក នឹងចូលរួមចំណែកក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនថែមទៀត។
ក្នុងជំនួបនេះ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានស្វាគមន៍ការប្តេជ្ញាចិត្តរបស់លោកឯកអគ្គរដ្ឋទូតក្នុងការស្វែងរកកាលានុវត្តភាពថ្មីៗ ដែលនឹងជួយជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីថែមទៀត។ សម្តេចនាយករដ្ឋមន្ត្រី លើកទឹកចិត្តលោកឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ពិភាក្សាបន្ថែមជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិរបស់កម្ពុជា៕

