ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ «បណ្តាញអគ្គលេខាធិការ» គឺជាជំហានយុទ្ធសាស្ត្រដ៏សំខាន់ ក្នុងការពន្លឿនការកែទម្រង់រដ្ឋបាលសាធារណៈនៅកម្ពុជា

(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃ គ.វ.រ. បានគូសបញ្ជាក់ថា ការរៀបចំឱ្យមានបណ្តាញអគ្គលេខាធិការក្រសួង-ស្ថាប័ន គឺជាជំហានយុទ្ធសាស្ត្រថ្មីមួយដ៏មានសារៈសំខាន់បំផុត ក្នុងការរុញច្រាន និងពន្លឿនដំណើរការកែទម្រង់រដ្ឋបាលសាធារណៈនៅកម្ពុជាឱ្យកាន់តែមានសន្ទុះ និងប្រសិទ្ធភាពខ្ពស់។
ការថ្លែងបញ្ជាក់នេះ ត្រូវបានធ្វើឡើងក្នុងឱកាសដែល ឧបនាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីថ្លែងសុន្ទរកថាបើកពិធីប្រកាសជាផ្លូវការនូវ «បណ្តាញអគ្គលេខាធិការនៃក្រសួង-ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ» នារសៀលថ្ងៃទី ខែកញ្ញា ឆ្នាំ២០២៦។
នៅក្នុងឱកាសនោះ លោកបានពន្យល់ថា បណ្តាញអគ្គលេខាធិការនេះ នឹងដើរតួនាទីជាយន្តការសម្របសម្រួលរួមអន្តរក្រសួង-ស្ថាប័ន ក្នុងការតភ្ជាប់មុខងារគាំទ្រ និងជំរុញការងារកែទម្រង់ឱ្យមានភាពប្រទាក់ក្រឡា និងគាំទ្រគ្នាទៅវិញទៅមកដោយមិនអាចខ្វះបាន។
ឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា អគ្គលេខាធិការនៃក្រសួង-ស្ថាប័ន គឺជាតួអង្គស្នូលដ៏សំខាន់ និងជាថ្នាក់ដឹកនាំកម្រិតបច្ចេកទេសខ្ពស់បំផុត ដែលទទួលបន្ទុកដឹកនាំ និងសម្របសម្រួលការងារមេផ្ទះ (អនុវត្តមុខងារគាំទ្រ) ក៏ដូចជាការងារកែទម្រង់ផ្ទៃក្នុងស្ថាប័ន។ យន្តការថ្មីនេះ នឹងក្លាយជាវេទិកាដ៏រឹងមាំមួយ សម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការ បង្កើតវប្បធម៌នៃការធ្វើការរួមគ្នា ចែករំលែកព័ត៌មាន ចំណេះដឹង បទពិសោធ និងរួមគ្នាដោះស្រាយបញ្ហាដែលមានលក្ខណៈអន្តរស្ថាប័ន តាមរយៈការពិភាក្សាស្វែងរកដំណោះស្រាយរួមប្រកបដោយភាពស៊ីសង្វាក់គ្នា។
ផ្អែកលើគោលការណ៍ដែលក្រសួងមុខងារសាធារណៈតែងតែប្រកាន់ខ្ជាប់ជានិច្ច លោក ហ៊ុន ម៉ានី តែងតែមានរំលេចជារឿយៗថា «ការពិគ្រោះយោបល់ និងការពិភាក្សាផ្លាស់ប្តូរគំនិត គឺជាមូលដ្ឋានគ្រឹះចាំបាច់ ដើម្បីស្វែងរកចំណុចប្រសព្វរួមគ្នា និងចូលរួមដោះស្រាយបញ្ហាជាតិជារួម»៕

