លោកបណ្ឌិត សួន សុខឌឿន អញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ នៅស្រុកចិត្របុរី ខេត្តក្រចេះ

(ខេត្តក្រចេះ)៖ នៅព្រឹកថ្ងៃសុក្រ ទី១៦ ខែតុលា ឆ្នាំ២០២៦ នៅសាលប្រជុំគណបក្សប្រជាជនកម្ពុជាស្រុកចិត្របុរី ខេត្តក្រចេះ បានរៀបចំពិធីជួបសំណេះសំណាលជាមួយបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នេត្រ ភក្ត្រា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ។
ក្នុងឱកាសនោះ លោកបណ្ឌិត សួន សុខឌឿន អនុប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាលចុះមូលដ្ឋានស្រុកចិត្របុរី និងជាអនុប្រធានក្រុមការងារចល័ត នៃក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកចិត្របុរី ខេត្តក្រចេះ ត្រូវបានគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកចិត្របុរី អញ្ជើញចូលរួមជាភ្ញៀវកិត្តិយស រួមជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិកាក្រុមការងារ និងបេក្ខជនឈរឈ្មោះជាច្រើនរូបទៀត។
ពិធីសំណេះសំណាលនេះ រៀបចំឡើងក្នុងគោលបំណងប្រមូលផ្តុំជួបជុំថ្នាក់ដឹកនាំ និងអ្នកពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ដើម្បីពិភាក្សា ផ្លាស់ប្តូរយោបល់ ព្រមទាំងពង្រឹងការយល់ដឹង អំពីការងារត្រៀមលក្ខណៈឱ្យបានល្អិតល្អន់ និងគ្រប់ជ្រុងជ្រោយ ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ខាងមុខនេះ ឱ្យទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។
វត្តមានចូលរួមរបស់លោកបណ្ឌិត សួន សុខឌឿន ក្នុងពិធីដ៏មានសារៈសំខាន់នេះ បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្តខ្ពស់ ស្របតាមតួនាទី និងភារកិច្ចក្នុងការបន្តចុះមូលដ្ឋាន គាំទ្រ និងពង្រឹងកម្លាំងសាមគ្គីភាពផ្ទៃក្នុងបក្សនៅស្រុកចិត្របុរី ខេត្តក្រចេះ ឱ្យកាន់តែរឹងមាំបន្ថែមទៀត៕



