លោកបណ្ឌិត ផល ចំរើន អញ្ជើញចុះឈ្មោះបោះឆ្នោត និងអំពាវនាវឱ្យប្រជាពលរដ្ឋទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឱ្យបានទាន់ពេលវេលា

ខេត្តក្រចេះ៖ លោកបណ្ឌិត ផល ចំរើន អនុប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាលចុះមូលដ្ឋានស្រុកចិត្របុរី និងជាអនុប្រធានក្រុមការងារចល័ត នៃក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកចិត្របុរី ខេត្តក្រចេះ ព្រមទាំងក្រុមការងារអមដំណើរ បានអញ្ជើញទៅចុះឈ្មោះបោះឆ្នោតនៅការិយាល័យចុះឈ្មោះបោះឆ្នោត ស្ថិតនៅសាលាសង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦។
ការអញ្ជើញចុះឈ្មោះបោះឆ្នោតនេះ ធ្វើឡើងស្របតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ដែលបានណែនាំឱ្យក្រុមការងារទាំងអស់ចូលរួមអនុវត្តសិទ្ធិ និងកាតព្វកិច្ចជាពលរដ្ឋ ព្រមទាំងចុះពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឱ្យបានត្រឹមត្រូវ។
ក្នុងឱកាសនោះ លោកបណ្ឌិត ផល ចំរើន បានគូសបញ្ជាក់ថា ការចុះឈ្មោះបោះឆ្នោត គឺជាការអនុវត្តសិទ្ធិ និងកាតព្វកិច្ចដ៏សំខាន់របស់ប្រជាពលរដ្ឋក្នុងការចូលរួមដំណើរការប្រជាធិបតេយ្យ។ លោកបណ្ឌិត ក៏បានអំពាវនាវយ៉ាងទទូចដល់ប្រជាពលរដ្ឋខ្មែរដែលមានសិទ្ធិបោះឆ្នោតទាំងអស់ ពិសេសយុវជនដែលទើបគ្រប់អាយុ ១៨ឆ្នាំ (គិតត្រឹមថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៧) ឱ្យរួសរាន់ទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតនៅតាមសាលាឃុំ-សង្កាត់ ឬតាមភូមិរៀងៗខ្លួន។
យោងតាមការជូនដំណឹងរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦ ប្រព្រឹត្តទៅចាប់ពី ថ្ងៃទី៧ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅតាមសាលាឃុំ សង្កាត់ និងតាមភូមិមួយចំនួនក្នុងឃុំ សង្កាត់ទូទាំងប្រទេស ដើម្បីរៀបចំបញ្ជីបោះឆ្នោតផ្លូវការសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ នា ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៧ ខាងមុខ៕



