រដ្ឋបាលខណ្ឌប្ញស្សីកែវ ៖នាថ្ងៃព្រហស្បតិ៍ ១២រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦នេះ

លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ និងមន្ដ្រី បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមការងារគណៈកម្មាធិការជាតិកាតព្វកិច្ចយោធា ខណ្ឌឫស្សីកែវ និង ពិនិត្យវឌ្ឍនភាពការងារទទួល និងដាក់ពាក្យសុំចូលបំពេញកាតព្វកិច្ចយោធា របស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ។
សូមជម្រាបជូនថា៖ គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា សូមជូនដំណឹងដល់ប្រជាពលរដ្ឋខ្មែរដែលមានអាយុពី ១៨(ដប់ប្រាំបី)ឆ្នាំ ដល់ ២៥(ម្ភៃប្រាំ)ឆ្នាំ មេត្តាជ្រាបថា គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា នឹងចាប់ផ្តើមចែក ពាក្យ និងទទួលពាក្យសុំចូលបំពេញកាតព្វកិច្ចយោធាស្របតាមច្បាប់ស្តីពីកាតព្វកិច្ចយោធា ដូចខាងក្រោម៖
១. កាលបរិច្ឆេទ និងពេលវេលា
– ចែកពាក្យចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦
– ទទួលពាក្យចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ពេលព្រឹកចាប់ពីម៉ោង៧:៣០នាទី ដល់ម៉ោង១១:៣០នាទី និងរសៀលចាប់ពីម៉ោង ១៤:០០ នាទី ដល់ម៉ោង១៧:០០នាទី ពីថ្ងៃចន្ទ ដល់ថ្ងៃសៅរ៍។
២. ទីកន្លែងទទួលពាក្យ និងដាក់ពាក្យ នៅគណៈកម្មាធិការកាតព្វកិច្ចយោធា ក្រុង ស្រុក ខណ្ឌ ដែលជាទីលំនៅរបស់បងប្អូនផ្ទាល់ (មូលដ្ឋានកងរាជអាវុធហត្ថ ក្រុង ស្រុក ខណ្ឌ)។
៣.ឯកសារដែលត្រូវភ្ជាប់មកជាមួយ
-ប្រជាពលរដ្ឋត្រូវយកឯកសារដើម ឬថតចម្លង (តាមការកំណត់) មកបង្ហាញដល់មន្ត្រីជំនាញនៅពេលមកទទួលពាក្យ និងដាក់ពាក្យ រួមមាន៖
– អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ
– សៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ
– សំបុត្របញ្ជាក់កំណើត ឬលិខិតបញ្ជាក់ របស់រដ្ឋបាលឃុំ សង្កាត់។



