ជប៉ុនផ្តល់ឥណទានសម្បទានជាង ២៩៦លានដុល្លារ សម្រាប់អនុវត្តគម្រោងចំនួនពីរនៅកម្ពុជា

ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុនប្រចាំកម្ពុជា នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធស្តីពីការផ្តល់ឥណទានសម្បទានប្រាក់យ៉េន របស់រដ្ឋាភិបាលជប៉ុន ក្រោមជំនួយអភិវឌ្ឍន៍ផ្លូវការសម្រាប់គម្រោងចំនួន២ នៅកម្ពុជា។
នៅសេចក្តីប្រកាសព័ត៌មានក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលបណ្តាញព័ត៍មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៥នេះ បានបញ្ជាក់ឱ្យដឹងទៀតថា ជំនួយអភិវឌ្ឍន៍ផ្លូវការសម្រាប់គម្រោងចំនួន២ នៅកម្ពុជា មានដូចជា៖
ទី១៖ ទឹកប្រាក់ចំនួន ២១.៥២៦.០០០.០០០ យ៉េន (ប្រមាណ ១៤៣.៥លានដុល្លារ អាម៉េរិក) សម្រាប់អនុវត្តគម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនិរោធ
ទី២៖ ទឹកប្រាក់ចំនួន ២២.៩១១.០០០.០០០ យ៉េន (ប្រមាណ ១៥២.៧លានដុល្លារ អាម៉េរិក) សម្រាប់អនុវត្តគម្រោងពង្រីកប្រព័ន្ធខ្សែបញ្ជូន និងចែកចាយអគ្គិសនីក្នុង រាជធានីភ្នំពេញ (ដំណាក់កាលទី៣)
ការបន្តផ្តល់ជំនួយហិរញ្ញវត្ថុនេះ បញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ជប៉ុន ក្នុងការជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា និងពង្រឹងបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ៕

