មន្ត្រីគយ សហការជាមួយមន្ត្រីនគរបាល រឹបអូសបានកញ្ជាជាង ៤៨គីឡូក្រាម របស់ជនបរទេស ២នាក់ ដែលលាក់ក្នុងវ៉ាលី សំលៀកបំពាក់ ត្រៀមចាកចេញពីកម្ពុជា

(សៀមរាប)៖ មន្ត្រីគយ និងរដ្ឋាករ សហការជាមួយមន្ត្រីនគរបាលអន្តោប្រវេសន៍ បានធ្វើការត្រួតពិនិត្យ និងបង្ក្រាបអ្នកដំណើរបរទេស ២នាក់ ក្នុង ២ករណីផ្សេងគ្នា ដែលបានត្រៀមធ្វើដំណើរចាកចេញពីព្រះរាជាណាចក្រកម្ពុជា ដោយបានរកឃើញរុក្ខជាតិក្រៀមសង្ស័យជាសារធាតុញៀនប្រភេទកញ្ឆា សរុបចំនួន ៨៥ដុំ មានទម្ងន់សុទ្ធសរុប ៤៨ ១៥៨ ក្រាម។
ប្រតិបត្តិការនេះបានធ្វើឡើងកាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ នៅស្ថានីយអ្នកដំណើរចេញ នៃអាកាសយានដ្ឋានអន្តរជាតិតេជោ។
ករណីទី១៖ នៅវេលាម៉ោង ០៨:៣៥ នាទី ក្រុមការងារបានត្រួតពិនិត្យអ្នកដំណើរបរទេសចំនួន ១ នាក់ រកឃើញកញ្ឆាក្រៀមសង្ស័យចំនួន ៤៦ដុំ មានទម្ងន់សុទ្ធ ២៣ ០៤៦ ក្រាម លាក់បង្កប់ក្នុងវ៉ាលីសសំលៀកបំពាក់។
ករណីទី២៖ នៅវេលាម៉ោង ២០:០៥នាទី ក្រុមការងារបានត្រួតពិនិត្យអ្នកដំណើរបរទេសចំនួន ១នាក់ រកឃើញកញ្ឆាក្រៀមសង្ស័យចំនួន ៣៩ដុំ មានទម្ងន់សុទ្ធសរុប ២៥ ១១២ ក្រាម លាក់បង្កប់ក្នុងវ៉ាលីសសំលៀកបំពាក់។
បន្ទាប់ពីបានបំពេញនីតិវិធីបឋម និងរៀបចំកំណត់ហេតុល្មើសច្បាប់គយរួច ក្រុមការងារបានប្រគល់ជនសង្ស័យ វត្ថុតាង និងសម្ភារៈពាក់ព័ន្ធ ជូនអង្គភាពនគរបាលប្រឆាំងគ្រឿងញៀន ដើម្បីគ្រប់គ្រង ថែរក្សា និងចាត់ការបន្តតាមនីតិវិធីច្បាប់ជាធរមាន៕


