ឯកឧត្តម ឆាយ វណ្ណា សមាជិកគណៈអចិន្ត្រៃយ៍យុវជនថ្នាក់កណ្ដាល បានអញ្ជើញដឹកនាំសាសនិកឥស្លាមកម្ពុជា ៨៨រូប របស់សមាគមប្រភពល្អកម្ពុជា ទៅបំពេញកាតព្វកិច្ចអុំរ៉ោះដោយផ្ទាល់នៅប្រទេសអារ៉ាប៊ីសាអូឌីតលើកទី៤

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃអាទិត្យ ទី១១ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឆាយ វណ្ណា សមាជិកគណៈអចិន្រ្តៃយ៍យុវជនគណបក្សថ្នាក់កណ្ដាល និងជាប្រធានផ្នែកវប្បធម៌ និងសាសនា នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល រួមជាមួយ ឯកឧត្តម តហើរ អ៊ូមើរ ប្រធានសមាគមប្រភពល្អកម្ពុជា បានអញ្ជើញដឹកនាំដោយផ្ទាល់នូវក្រុមសាសនិកឥស្លាមកម្ពុជាចំនួន ៨៨រូប ទៅបំពេញកាតព្វកិច្ចអុំរ៉ោះ(Umrah) នៅប្រទេសអារ៉ាប៊ីសាអូឌីត ក្រោមការរៀបចំរបស់សមាគមប្រភពល្អកម្ពុជា។ ពិធីនេះមានការអញ្ជើញចូលរួមយ៉ាងកក់ក្តៅពីសំណាក់ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំសមាគម បុគ្គលិក និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។
ក្នុងរបាយការណ៍ស្វាគមន៍ ឯកឧត្តម តហើរ អ៊ូមើរ បានបញ្ជាក់ថា សម្រាប់ឆ្នាំ២០២៦ នេះគឺជាលើកទី៣ ហើយដែលសមាគមបានរៀបចំកម្មវិធីនេះឡើង ដោយមានអ្នកចូលរួមសរុប ៨៨រូប ក្នុងនោះមានស្ត្រីចំនួន ៥៣រូប។ ឯកឧត្តមបានរំលឹកផងដែរថា សមាគមធ្លាប់បានរៀបចំកម្មវិធីជូនដំណើរនេះយ៉ាងជោគជ័យចំនួន ៣លើករួចមកហើយ ដោយលើកទី១ក្នុងឆ្នាំ២០២២ មានអ្នកចូលរួមចំនួន ៨៣រូប លើកទី២ ក្នុងឆ្នាំ២០២៣ មានអ្នកចូលរួមចំនួន ៨៨រូប និងលើកទី៣ ក្នុងឆ្នាំ២០២៤ មានចំនួន ៧៧រូប។ ឯកឧត្តមប្រធានសមាគមបានប្តេជ្ញាថា សមាគមនឹងនៅតែបន្តបេសកកម្មមនុស្សធម៌ដ៏ប្រពៃនេះឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀតនាពេលអនាគត។
ក្រោយពីបានស្តាប់របាយការណ៍របស់ឯកឧត្តមប្រធានសមាគមរួចមក ឯកឧត្តម ឆាយ វណ្ណា បានថ្លែងសំណេះសំណាល និងសម្តែងនូវក្តីរំភើបសប្បាយរីករាយយ៉ាងក្រៃលែងចំពោះបងប្អូនទាំងអស់ ដែលមានឱកាសបានទៅបំពេញកាតព្វកិច្ចដ៏ពិសិដ្ឋនេះ។ ឯកឧត្តមបានបញ្ជាក់ថា នេះគឺជាសំណាងដ៏ធំធេងដែលបងប្អូនទទួលបានឱកាសទៅបំពេញកាតព្វកិច្ចអុំរ៉ោះ តាមរយៈការឧបត្ថម្ភគាំទ្រពីសមាគមប្រភពល្អកម្ពុជា ក៏ដូចជាការចូលរួមបដិភាគថវិកាផ្ទាល់ខ្លួនមួយចំនួន។ ការដែលឯកឧត្តមទាំងពីរអញ្ជើញដឹកនាំទៅដោយផ្ទាល់នេះ កាន់តែបង្ហាញពីការយកចិត្តទុកដាក់ និងភាពកក់ក្តៅជូនដល់បងប្អូនសាសនិកឥស្លាមយើង។
ឯកឧត្តម ឆាយ វណ្ណា បានផ្តាំផ្ញើដល់បងប្អូនអ្នកធម្មយាត្រាទាំងអស់ សូមយកចិត្តទុកដាក់ថែរក្សាសុខភាពឱ្យបានល្អប្រសើរក្នុងអំឡុងពេលធ្វើដំណើរទាំងទៅនិងមក ព្រមទាំងត្រូវឆ្លៀតឱកាសដ៏មានតម្លៃនេះ បំពេញអំពើល្អនិងប្រតិបត្តិធម៌ (អាម៉ាល់អ៊ីបាដាត់) ឱ្យបានច្រើន ព្រោះទីនោះជាកន្លែងដ៏ពិសិដ្ឋបំផុតដែលពោរពេញដោយការប្រទានពរជ័យ (បារ៉ាកាត់ និងរ៉ស់ម៉ាត់) ពីអល់ឡោះ។
ជាទីបញ្ចប់ ឯកឧត្តម ឆាយ វណ្ណា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម តហើរ អ៊ូមើរ និងក្រុមការងារសមាគមប្រភពល្អកម្ពុជា ដែលតែងតែខិតខំកៀរគរម្ចាស់ជំនួយ ដើម្បីជួយសម្រួលដល់សាសនិកឥស្លាមកម្ពុជាឱ្យបានបំពេញកាតព្វកិច្ចសាសនារបស់ខ្លួន ព្រមទាំងបានចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសង្គមជាតិ ទាំងលើវិស័យអប់រំ សេដ្ឋកិច្ច និងសាសនា។ ឯកឧត្តមបានបួងសួងសុំឱ្យការធ្វើដំណើររបស់ក្រុមអ្នកធម្មយាត្រាទាំងអស់ប្រកបដោយសុវត្ថិភាព និងទទួលបានសេចក្តីសុខសន្តិភាព (សាឡាម៉ាត់) គ្រប់ៗគ្នា៕



