រដ្ឋបាលខណ្ឌប្ញស្សីកែវ ÷នាថ្ងៃពុធ ទី៣០ ខែកញ្ញា ឆ្នាំ ២០២៦នេះ នៅសាលប្រជុំរដ្ឋបាលខណ្ឌប្ញស្សីកែវ មានរៀបចំពិធីបំពាក់គ្រឿងឥស្សរិយយស មេដាយការងារ និងប្រគល់ប័ណ្ណសរសើរ ជូនមន្ត្រីរាជការ

បុគ្គលិកអប់រំ និងមន្ត្រីជាប់កិច្ចសន្យា នៃរដ្ឋបាលខណ្ឌប្ញស្សីកែវ ក្រោមអធិបតីភាព លោក ជិន ប៊ុនធឿន អភិបាលខណ្ឌប្ញស្សីកែវ និងលោក ជុំ បាយ័នវិបុល ប្រធានក្រុមប្រឹក្សាខណ្ឌប្ញស្សីកែវ ព្រមទាំងសមាជិកចូលរួមសរុបមាណ២០០នាក់។
នាឱកាសនោះ លោកអភិបាលខណ្ឌ បានថ្លែងកោតសរសើរដល់មន្រ្តីគ្រប់ផ្នែកទាំងអស់ ដែលបានខិតខំរួមដៃគ្នា បំពេញការងារ តាមផ្នែក តាមជំនាញរៀងៗខ្លួន ដោយមិនគិតពីការនឿយហត់ ក្នុងការបំពេញការងាររដ្ឋបាលខណ្ឌ ក៏ដូចបម្រើសេវាជូនដល់បងប្អូនប្រជាពលរដ្ឋ បានយ៉ាងប្រសើរល្អប្រសើរ ជាពិសេស សូមអរគុណគុណូបការៈដ៏ថ្លៃថ្លារបស់គ្រូបង្រៀននៅទូទាំងប្រទេស ដែលបានបូជាកម្លាំងកាយ ចិត្ត ប្រាជ្ញា និងស្មារតី ក្នុងការបង្ហាត់បង្រៀនសិស្សានុសិស្ស និស្សិត ព្រមទាំងជាវិស្វករព្រលឹង ជារៀមច្បងក្នុងការងារអប់រំ ការបណ្តុះបណ្តាលធនធានមនុស្ស សម្រាប់ការការពារ ការកសាង និងការអភិវឌ្ឍជាតិមាតុភូមិ លើគ្រប់វិស័យ។
នៅចុងកម្មវិធី លោកអភិបាលខណ្ឌ និងលោកប្រធានក្រុមប្រឹក្សា ក៏បានបំពាក់មេដាយការងារ និងប្រគល់ប័ណ្ណសរសើរ ជូនមន្ត្រីរាជការ
បុគ្គលិកអប់រំ និងមន្ត្រីជាប់កិច្ចសន្យានៃរដ្ឋបាលខណ្ឌ ព្រមទាំងថតរូបទុកជាអនុស្សាវរីយ៍ផងដែរ៕



