*ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជិត ៤ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ*ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ មន្ត្រីការទូតត្រូវយល់ដឹងពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា តែមិនមែនឱ្យបោះបង់តួនាទីស្នូលរបស់ខ្លួននោះទេ*ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដឹកនាំកិច្ចប្រជុំពិនិត្យ វាយតម្លៃផែនការការពារសន្ដិសុខ សណ្ដាប់ធ្នាប់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាត្រៀមទទួលមេដឹកនាំជាង៩០ប្រទេស មានទាំងប្រធានាធិបតីបារាំង លោក ម៉ាក្រុង, សមត្ថកិច្ចជិត២ម៉ឺននាក់ ត្រៀមការពារ*ប្រធានគណៈកម្មាធិការជាតិ នៃសភាប្រឹក្សានយោបាយប្រជាជនចិន ផ្ញើសារថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ចំពោះលិខិតអបអរសាទរ ខួបលើកទី៧៧ ថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន*សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ចាត់ក្រុមការងារនាំយកស្ដ្រីពិការជើងម្នាក់ដែលមិនអាចធ្វើការរកប្រាក់ចំណូល ទៅពិនិត្យព្យាបាល នៅមន្ទីរពេទ្យតេជោសន្តិភាព*លោកស្រីម្នាក់ ដែលបានអះអាងថាជាជនរងគ្រោះ កើតទុក្ខមិនសុខចិត្ត ពាក់ព័ន្ធរឿងលេងតុងទីន សន្យាសងប្រាក់ តែមិនបានដូចការគ្រងទុក (វគ្គ១)*សេចក្តីជូនដំណឹងដល់សាធារណជន និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ឱ្យបានជ្រាបថា៖ យោងតាមការស្នើសុំពីសាមីខ្លួនដែលជាម្ចាស់ដី បានបាត់បង់ លិខិតធ្វើអំណោយដាច់ខាត*ភាគីម្ចាស់ប្រាក់ស្នើឱ្យអ្នកស្រី ពេញ ឆវី និងអ្នកស្រី ពេញ វិច្ឆន្នី ព្រមទាំងម្ដាយ ចូលខ្លួនដោះស្រាយបញ្ហាប្រាក់នៅសល់ ពាក់ព័ន្ធនឹងការលេងតុងទីនជាបន្ទាន់*ក្រុមជំនួយការសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បន្តនាំយកអំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០តោនបន្ថែម*កង់អាគុយ និងរទេះរុញ ដែលពលរដ្ឋស្នើសុំសម្តេចធិបតី បានប្រគល់ដល់ដៃម្ចាស់សំណើហើយ *ប្រធានាធិបតីចិន ស៊ី ជីនពីង ផ្ញើសារថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន និងប្តេជ្ញាបន្តរក្សាទំនាក់ទំនងជាយុទ្ធសាស្ត្រ ដើម្បីជំរុញសហគមន៍វាសនារួមចិន-កម្ពុជាគ្រប់រដូវកាល*ប្រធានគណៈកម្មាធិការជាតិនៃសភាប្រឹក្សានយោបាយប្រជាជនចិន ផ្ញើសារថ្លែងអំណរគុណ និងជូនពរសម្តេចតេជោ ហ៊ុន សែន ដែលបានផ្ញើលិខិតអបអរសាទរខួបលើកទី៧៧ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន*បណ្ឌិត សួន សុខឌឿន អញ្ជើញចូលរួមពិធីប្រកាសទទួលស្គាល់សមាសភាពក្រុមជំនួយការផ្នែកវប្បធម៌ និងសាសនា*សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល*សេចក្តីជូនដំណឹងដល់សាធារណជន និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ឱ្យបានជ្រាបថា៖ យោងតាមការស្នើសុំពីសាមីខ្លួនដែលជាម្ចាស់ដី បានបាត់បង់ លិខិតធ្វើអំណោយដាច់ខាត*ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបសកម្មភាព និងលទ្ធផលការងារចុះមូលដ្ឋានប្រចាំត្រីមាសទី៣ ឆ្នាំ២០២៦ និងទិសដៅការងារបន្តរបស់ក្រុមការងារ។*រដ្ឋមន្ត្រី នេត្រ ភក្ត្រា លើកទឹកចិត្តឱ្យក្រុមហ៊ុនផ្សាយពាណិជ្ជកម្ម បង្កើនសារអប់រំសុខភាព សុវត្ថិភាពចរាចរណ៍ និងជម្រើសប្រើប្រាស់ប្រកបដោយការយល់ដឹង*ប្រធានក្រុមប្រឹក្សាយោបល់សិក្សាធិការរបស់ចិន កោតសរសើរការដឹកនាំសម្តេច ហ៊ុន ម៉ាណែត តម្កល់ផលប្រយោជន៍ប្រជាជនជាអាទិភាព *លោក នេត្រ ភក្ត្រា បន្តណែនាំមន្ត្រីបក្សពង្រឹងសាមគ្គីភាព បម្រើពលរដ្ឋដោយស្មោះត្រង់ និងមិនត្រូវឆ្អែតឆ្អន់ចំពោះការធ្វើអំពើល្អជាមួយពលរដ្ឋឡើយ*លោក នេត្រ ភក្ត្រា៖ ការដាក់ចេញគោលនយោបាយត្រឹមត្រូវរបស់បក្សប្រជាជន និងការគិតគូរសុខទុក្ខពលរដ្ឋ ជាមូលដ្ឋានគ្រឹះនៃជំនឿទុកចិត្តបោះឆ្នោតគាំទ្រឱ្យបន្តដឹកនាំប្រទេស

អ្នកនាំពាក្យ៖ វិវាទអ្នកសារព័ត៌មាន២៣ករណី ត្រូវក្រសួងព័ត៌មានសម្របសម្រួល ផ្សះផ្សាដោយជោគជ័យ គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២៥

ភ្នំពេញ)៖ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងព័ត៌មាន បានឱ្យដឹងនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ថា គណៈកម្មការតាមដាន វាយតម្លៃ និងលើកសរសើរការអនុវត្តក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន នៃក្រសួងព័ត៌មាន បានទទួល និងដោះស្រាយបណ្តឹងពាក់ព័ន្ធនឹងអ្នកសារព័ត៌មានសរុបចំនួន២៣ករណី គិតចាប់តាំងពីខែមករា រហូតដល់ដើមខែតុលា ឆ្នាំ២០២៥។ ការសម្របសម្រួលដោះស្រាយវិវាទបានផ្តល់យុត្តិធម៌ ជូនអ្នកសារព័ត៌មាន និងភាគីក្នុងរឿង ព្រមទាំងការពារអ្នកកាសែតពីការប្រឈមនឹងវិធានការផ្លូវច្បាប់ធ្ងន់ធ្ងរ។

លោកបានឱ្យដឹងថា «សម្រាប់រាល់បណ្តឹងទាំងអស់ដែលក្រសួងបានទទួលការស្នើសុំឱ្យជួយដោះស្រាយ គណៈកម្មការបានពិនិត្យ និងវិភាគយ៉ាងល្អិតល្អន់ទាំងលើអង្គហេតុ និងអង្គច្បាប់ ហើយបានអញ្ជើញភាគីពាក់ព័ន្ធ ក្នុងសាច់រឿងមកចូលរួម ក្នុងដំណើរការនីតិវិធីសម្រុះសម្រួល ដោយឈរលើមូលដ្ឋាននៃច្បាប់ស្តីពីរបបសារព័ត៌មាន និយាមវិជ្ជាជីវៈ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន កាតព្វកិច្ចក្នុងក្របខណ្ឌកិច្ចសន្យាអាជីវកម្មសារព័ត៌មាន និងលិខិតបទដ្ឋានពាក់ព័ន្ធ»។

អ្នកនាំពាក្យរូបនេះ បានពន្យល់ថា៖ «ក្នុងដំណើរការនីតិវិធីសម្រុះសម្រួល កំហុសវិជ្ជាជីវៈសារព័ត៌មាន ទង្វើខុសក្រមសីលធម៌ ត្រូវបានវែកញែក វិភាគដោយតម្លាភាព យុត្តិធម៌ និងវិជ្ជាជីវៈ ដើម្បីផ្សះផ្សាបញ្ចប់វិវាទ ដោយមានសេចក្តីសន្និដ្ឋាន របាយការណ៍ច្បាស់លាស់ ដែលភាគីពាក់ព័ន្ធក្នុងវិវាទបានព្រមព្រៀងទទួលយក។ រីឯកំហុសខ្លឹមសារផ្សាយត្រូវបានកែតម្រូវ និងផ្សាយឡើងវិញជាមួយព័ត៌មានត្រឹមត្រូវ មានប្រភព និងយោងគ្រប់គ្រាន់ ដែលភាគីវិវាទបានទទួលយករៀងៗខ្លួន ហើយអ្នកសារព័ត៌មានបានទទួលការតម្រង់ទិសលើការប្រតិបត្តិវិជ្ជាជីវៈ និងក្រមសីលធម៌សារព័ត៌មាន ដើម្បីបន្តអនុវត្តការងារឱ្យបានប្រសើរដោយគោរពច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈ»។

បន្ថែមពីនេះលោក ទេព អស្នារទ្ធិ បានបញ្ជាក់ថា យ៉ាងណាក៏ដោយ សម្រាប់ករណីវិវាទមួយចំនួន ត្រូវទទួលការដាក់ពិន័យស្របតាមច្បាប់ស្តីពីរបបសារព័ត៌មាន ក្នុងនោះមានការចេញលិខិតព្រមានចំពោះអង្គភាពសារព័ត៌មាន អ្នកសារព័ត៌មានដែលបំពានក្រមសីលធម៌ និងការប្រព្រឹត្តផ្ទុយលក្ខខណ្ឌកំណត់ក្នុងកិច្ចសន្យាអាជីវកម្មសារព័ត៌មាន ខណៈករណីមួយចំនួនតូច អង្គភាពសារព័ត៌មានត្រូវបានលុបអាជ្ញាបណ្ណអាជីវកម្មដោយមូលហេតុ បំពានក្រមសីលធម៌ធ្ងន់ធ្ងរ ល្មើសនឹងបទប្បញ្ញតិ្តច្បាប់ជាធរមាន។

ក្រៅពីយន្តការថ្នាក់ជាតិ ការពង្រឹងទំនាក់ទំនងការងារជាមួយអង្គភាពសារព័ត៌មាន អ្នកសារព័ត៌មាននៅក្នុងមូលដ្ឋានរាជធានី ខេត្តទាំង២៥ តាមរយៈការសម្របសម្រួលដោយមន្ទីរព័ត៌មាន ក្នុងនាមជាសេនាធិការរបស់រដ្ឋបាលរាជធានី ខេត្ត ត្រូវបានធ្វើឡើងជាប្រចាំ ក្នុងគោលបំណងរួមចំណែកពង្រឹងការប្រតិបត្តិក្រមសីលធម៌ និងលើកកម្ពស់គុណភាពវិជ្ជាជីវៈក្នុងការផលិត និងផ្សព្វផ្សាយព័ត៌មាន។

លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា៖ «ការបង្កើនទំនាក់ទំនងការងារជាមួយអង្គភាពសារព័ត៌មាន អ្នកសារព័ត៌មាននៅក្នុងមូលដ្ឋានរាជធានី ខេត្ត គឺដើម្បីលើកកម្ពស់តួនាទី និងភារកិច្ចរបស់អ្នកសារព័ត៌មាន ដោយអនុលោមតាមច្បាប់ ក្រមសីលធម៌ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន»។

លោកបានបន្ថែមថា៖ «យន្តការលើកកម្ពស់ទំនាក់ទំនងសារព័ត៌មាននៅថ្នាក់មូលដ្ឋានរួមចំណែកធានាការទទួលព័ត៌មានពិត សុក្រឹត របស់ប្រជាពលរដ្ឋ អំពីស្ថានភាព និងវឌ្ឍនភាពនៅមូលដ្ឋាន, ជំរុញប្រសិទ្ធភាពការងារសាធារណមតិ និងការទប់ស្កាត់ព័ត៌មានក្លែងក្លាយ។

អ្នកនាំពាក្យក្រសួងព័ត៌មាន បានរម្លឹកថាអ្នកសារព័ត៌មានទាំងអស់ ត្រូវអនុវត្តការងារដោយការទទួលខុសត្រូវវិជ្ជាជីវៈ តាមរយៈការពង្រឹងសមត្ថភាពផលិត-ផ្សាយព័ត៌មានដោយគុណភាព ហើយមិនត្រូវដើរតួនាទីជំនួសសមត្ថកិច្ចឡើយ។

«សូមអ្នកសារព័ត៌មានខិតខំស្រាវជ្រាវអំពីប្រធានបទនីមួយៗ មុនចុះយកព័ត៌មាន ដើម្បីឱ្យមានមូលដ្ឋានច្បាស់លាស់ក្នុងការផលិតមាតិកា និងផ្សាយខ្លឹមសារមានគុណភាព ជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ និងសង្គមជាតិ»។ នេះបើតាមការលើកឡើងបន្ថែមរបស់អ្នកនាំពាក្យក្រសួងព័ត៌មាន។

លោក ទេព អស្នារិទ្ធ បានសង្កត់ធ្ងន់លើសារៈសំខាន់ ដែលអ្នកសារព័ត៌មានត្រូវធ្វើខ្លួនជាបុគ្គលគំរូដល់សង្គម ដោយត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ផ្តល់ព័ត៌មានពិត មានប្រភពច្បាស់លាស់ ដោយគោរពក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវ ព្រោះកត្តាទាំងអស់នេះនឹងផ្តល់សុវត្ថិភាពសម្រាប់ការអនុវត្តការងារ និងជួយការពារអ្នកសារព័ត៌មាន ពីការប្រឈមនឹងបញ្ហាផ្លូវច្បាប់ផងដែរ៕