ប្រជាពលរដ្ឋរស់នៅក្នុងភូមិរោងគោ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ត្រង់ចំណុចស្ពានលេខ 6 Aបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការកើតមានទីតាំងល្បែងស៊ីសងតាមប្រព័ន្ធអ៊ីនធឺណិត (Net) យ៉ាងអនាធិបតេយ្យនៅក្នុងមូលដ្ឋានរបស់ពួកគាត់។

ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅក្នុងភូមិរោងគោ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ត្រង់ចំណុចស្ពានលេខ 6 Aបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការកើតមានទីតាំងល្បែងស៊ីសងតាមប្រព័ន្ធអ៊ីនធឺណិត (Net) យ៉ាងអនាធិបតេយ្យនៅក្នុងមូលដ្ឋានរបស់ពួកគាត់។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋក្នុងតំបន់បានឱ្យដឹងថា នៅក្នុងភូមិសាស្ត្រខាងលើ មានការបើកលេងល្បែងស៊ីសងខុសច្បាប់ជាច្រើនទម្រង់ រួមមាន មាន់ជល់អនឡាញ និង ឡូតូអនឡាញ ជាដើម។ ពួកគាត់បានកត់សម្គាល់ថា វត្តមាននៃល្បែងស៊ីសងទាំងនេះ កំពុងតែបង្កក្តីកង្វល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងភូមិ-សង្កាត់មានសុវត្ថិភាព ដែលជានយោបាយគន្លឹះរបស់រាជរដ្ឋាភិបាល។
ប្រជាពលរដ្ឋបានបន្តថា កន្លងមកពួកគាត់ធ្លាប់បានព្យាយាមរាយការណ៍ និងសុំកិច្ចអន្តរាគមន៍ពីអាជ្ញាធរមូលដ្ឋាន ជាពិសេសមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់បាក់ខែងរួចមកហើយ ប៉ុន្តែរហូតមកទល់ពេលនេះ ហាក់បីដូចជាមិនទាន់មានចំណាត់ការក្តៅ ឬការចុះបង្ក្រាបឱ្យមានប្រសិទ្ធភាពនៅឡើយ ដែលធ្វើឱ្យទីតាំងទាំងនោះនៅតែបន្តបើកដំណើរការដោយរលូន។
យោងតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់កន្លងមករបស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងមហាផ្ទៃ បានណែនាំដាច់ខាតដល់អាជ្ញាធរថ្នាក់ក្រោមជាតិ ត្រូវតែលុបបំបាត់ និងបង្ក្រាបរាល់ល្បែងស៊ីសងគ្រប់ប្រភេទ ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ និងកាត់បន្ថយបទល្មើសផ្សេងៗ ដូចជា ចោរកម្ម និងអំពើហិង្សាក្នុងគ្រួសារ។
តាមរយៈការផ្សព្វផ្សាយនេះ ប្រជាពលរដ្ឋនៅក្នុងភូមិរោងគោ សង្កាត់បាក់ខែង សូមសំណូមពរយ៉ាងទទូចដល់លោកមេប៉ុស្តិ៍រដ្ឋបាលសង្កាត់បាក់ខែង ក៏ដូចជាគណៈបញ្ជាការឯកភាពខណ្ឌជ្រោយចង្វារ មេត្តាជួយពិនិត្យ ស្រាវជ្រាវ និងមានវិធានការច្បាប់បង្ក្រាបទីតាំងល្បែងស៊ីសងអនឡាញទាំងនោះ ដើម្បីផ្តល់ភាពកក់ក្តៅ និងរក្សាបាននូវសន្តិសុខសង្គមជូនពលរដ្ឋនៅក្នុងមូលដ្ឋាន។
ព័ត៌មានជុំវិញករណីនេះ អង្គភាពសារព័ត៌មានយើងរង់ចាំការបកស្រាយ និងបំភ្លឺគ្រប់ពេលពីអាជ្ញាធរពាក់ព័ន្ធ ឬលោកមេប៉ុស្តិ៍សង្កាត់បាក់ខែង ដើម្បីធានាបាននូវតម្លាភាព និងភាពត្រឹមត្រូវនៃព័ត៌មាន។



