
ថ្ងៃព្រហស្បតិ៍ ទី១ ខែតុលា ឆ្នាំ២០២៦ ម៉ោង ១១:៤៣ នាទី ព្រឹក
ល្មមដល់ពេលប្រមូលអ្នកសារព័ត៌មានហ្វេសប៊ុកមករៀនក្រមសីលធម៌ហើយ!
អ្នកកាសែតអនឡាញតាមសម្ភាសស្រ្តីមានផ្ទៃពោះម្នាក់ដែលកំពុងយំឡើងទន់ខ្លួន ក្រោយពីទទួលបានដំណឹងថាប្តីរបស់គាត់បានស្លាប់
លិខិតមិត្តអ្នកអាន
ដោយ លោក កែ មុនធិត ជាគ្រូបង្រៀនជំនាញសារព័ត៌មាននៅសាកលវិទ្យាល័យមួយក្នុងរាជធានីភ្នំពេញ
កាលពីពេលថ្មីៗនេះ មានការផ្សាយមាតិការបស់អង្គភាពសារព័ត៌មានអនឡាញមួយពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដែលអាចចាត់ទុកបានថាជាឧទាហរណ៍អាក្រក់ក្នុងវិស័យព័ត៌មាន។ ករណីនេះចាំបាច់ត្រូវមានការយកចិត្តទុកដាក់ និងត្រូវការវិធីកែតម្រូវ ព្រោះវាពាក់ព័ន្ធនឹងទង្វើខ្វះសីលធម៌របស់បុគ្គលមួយក្រុមដែលជ្រកក្រោមស្លាកជាអ្នកសារព័ត៌មាន។
នៅក្នុងវីដេអូនេះ ស្រ្តីមានផ្ទៃពោះម្នាក់កំពុងយំឡើងទន់ខ្លួន ក្រោយពីទទួលបានដំណឹងថាប្តីរបស់គាត់ ដែលជាកម្មករដឹកជញ្ជូន ស្លាប់។ យោងតាមវីដេអូ បុរសនោះត្រូវបានឡានបុកនៅពេលដែលគាត់កំពុងបើកបរម៉ូតូ ត្រង់ចំណុចភូមិសាមគ្គី សង្កាត់ឫស្សីកែវ រាជធានីភ្នំពេញ នាពេលយប់រំលងអាធ្រាត្យ ឈានចូលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦។
នៅក្នុងហេតុការណ៍ដ៏រន្ធត់នោះ ស្ត្រីជាភរិយាកំពុងមានទុក្ខសោក យំសោកបោកខ្លួនស្ទើតែដើរមិនចង់រួច ដោយមានបុរសម្នាក់ទៀតជួយគ្រាកុំឱ្យដួល។ យ៉ាងណាមិញ រូបគាត់ត្រូវបានបុគ្គលមួយក្រុម ដែលតាំងខ្លួនជាអ្នកសារព័ត៌មានអនឡាញ ឡោមជុំជិត ប្រជែងគ្នារុលក្បាលមីក្រូហ្វូនទៅរកមាត់របស់គាត់ និងតាមសួរគាត់ឱ្យនិយាយ នៅពេលដែលគាត់យំសឹងតែបាត់ស្មារតីទៅហើយ។
កោតតែបុគ្គលទាំងនោះធ្វើទៅរួច? បេះដូងរបស់ពួកគេនៅឯណា?
ករណីនេះមិនមែនជារឿងក្តីក្តាំ ប្តឹងផ្តល់ ដែលអ្នកសារព័ត៌មានត្រូវតែរួសរាន់ដេញតាមយកប្រតិកម្មពីភាគីពាក់ព័ន្ធឱ្យបានភ្លាមៗឯណា។ នៅទីនេះ ស្ត្រីមានផ្ទៃពោះម្នាក់កំពុងកើតទុក្ខធំ ព្រោះគាត់ទើបនឹងបាត់បង់ប្តីជាទីស្រឡាញ់ និងជាបង្គោលសេដ្ឋកិច្ចរបស់គ្រួសារ។ ដូច្នេះ វាគ្មានភាពចាំបាច់ទាល់តែសោះក្នុងការចោមរោមសុំឱ្យគាត់ពិពណ៌នាអារម្មណ៍បន្ថែមទៀត នៅក្នុងខណៈដ៏រន្ធត់ និងសោកសង្រែង បែបនេះ។
អ្វីដែលបុគ្គលតាំងខ្លួនជាសារព័ត៌មានទាំងនោះគួរធ្វើនៅក្នុងខណៈនោះ គឺ យ៉ាងហោចណាស់ សម្រួលឥរិយាបថ សម្តែងភាពថ្លៃថ្នូរ ការយល់ចិត្ត ការអាណិតអាសូរ និងមនុស្សធម៌ ចំពោះស្ត្រីដែលកំពុងកើតទុក្ខ។ ប៉ុន្តែ គួរឱ្យសោកស្តាយ ពួកគេគិតតែប្រឹងប្រជែងគ្នារុលមេក្រូហ្វូនទៅរកមាត់របស់ស្ត្រីនោះដែលកំពុងយំ។ ចំពីមុខ កាមេរ៉ាថតយករូបក្នុងសភាពទួញសោកគ្រប់វិនាទី ដោយគ្មានក្រែងរអែងអ្វីទាំងអស់ ហើយយកមកផ្សាយឱ្យពិភពលោកបានឃើញ។
អាកប្បកិរិយាថ្លៃថ្នូរ ការយល់ចិត្ត ការអាណិតអាសូរ និងមនុស្សធម៌ គឺជាផ្នែកនៃគោលការណ៍ក្រមសីលធម៌នៅក្នុងវិជ្ជាជីវៈសារព័ត៌មាន។ ទង្វើរបស់បុគ្គលតាំងខ្លួនជាអ្នកសារព័ត៌មាននៅក្នុងវីដេអូនេះមិនខុសពីការទន្ទ្រានទៅលើឯកជនភាព និងជាការជាន់ឈ្លីលើកិត្តិយសរបស់មនុស្សម្នាក់ឡើយ។ ទង្វើនេះប្រាសចាកទាំងស្រុងពីគោលការណ៍ក្រមសីលធម៌ ដែលជាមូលដ្ឋានចាំបាច់សម្រាប់កសាងភាពទុកចិត្តបាន និងកេរ្តិ៍ឈ្មោះរបស់សហគមន៍សារព័ត៌មាននៅកម្ពុជា។
ករណីនេះមិនមែនជាលើកដំបូង ហើយក៏ប្រហែលមិនមែនលើកចុងក្រោយដែរ។ ផ្ទុយទៅវិញ វាកាន់តែក្រើនរំឭក ឱ្យមានការគិតគូរហ្មត់ចត់ឡើងវិញ ពីភាពចាំបាច់ត្រូវពង្រឹងក្រមសីលធម៌របស់តួអង្គប្រតិបត្តិករមួយចំនួននៅលើទីលានប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា។ ល្មមដល់ពេលស្ថាប័នដែលមានអាជ្ញាផ្លូវច្បាប់ ប្រមូលក្រុមអ្នកសារព័ត៌មានប្រតិបត្តិតាមមធ្យោបាយផ្សព្វផ្សាយសង្គម មកទទួលការបណ្តុះបណ្តាលជាមូលដ្ឋាន អំពីក្រមសីលធម៌នៃវិជ្ជាជីវៈសារព័ត៌មាន ហើយ។
និយាយបែបនេះមិនមែនជាការអំពាវនាវឱ្យបង្កើនការរឹតត្បិតសេរីភាពសារព័ត៌មានទេ។ សេរីភាពសារព័ត៌មានពេញលេញត្រូវមានការថែទាំ លើកទឹកចិត្ត និងជ្រោមជ្រែងឱ្យកាន់តែរឹងមាំឡើង អមជាមួយនឹងការទទួលខុសត្រូវ និងការប្រត្តិបត្តិតាមស្តង់ដាក្រមសីលធម៌ ពីសំណាក់គ្រប់តួអង្គផងដែរ។ គេត្រូវដឹងថា ទុក្ខសោករបស់មនុស្សម្នាក់ ដូចក្នុងករណីនេះ ជារឿងឯកជន ហើយមិនត្រូវយកមកធ្វើជាកម្មវត្ថុសម្រាប់ទាក់ទាញយក likes, followers និងរកលុយឡើយ។
បើគ្រាន់តែមានស្មាតហ្វូន កាមេរ៉ា មីក្រូហ្វូន និងបណ្ណព័ត៌មានពាក់លើ ក មិនទាន់គ្រប់លក្ខណៈជាអ្នកសារព័ត៌មានទេ។ ការប្រកាន់ឥរិយាបថ្លៃថ្នូរ សមរម្យ មានសីលធម៌ និងមានស្មារតីមនុស្សធម៌ ស្ថិតក្នុងចំណោមធាតុផ្សំនានា ដែលនាំទៅរកអ្វីដែលគេហៅថាភាពជាអាជីព (professionalism) ក្នុងមុខរបរជាអ្នកសារព័ត៌មាន៕


