សម្តេចតេជោ ហ៊ុន សែន សរសើរសមត្ថភាពពេទ្យនៅកម្ពុជា ដែលអាចព្យាបាល និងវះកាត់ប្តូរក្រលៀនអ្នកគ្រូ ម៉ូវ សុផាន់ បានដោយជោគជ័យ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦នេះ បានសម្តែងនូវក្តីរីករាយ និងកោតសរសើរចំពោះសមត្ថភាពពេទ្យកម្ពុជា ដែលទទួលបានជោគជ័យនៃការវះកាត់ប្តូរក្រលៀនរបស់អ្នកគ្រូ ម៉ូវ សុផាន់ ដែលជាគ្រូបង្រៀននៅខេត្តព្រៃវែង។
អ្នកគ្រូ ម៉ូវ សុផាន់ មានជំងឺខូចក្រលៀនធ្ងន់ធ្ងរ ហើយសម្តេចតេជោបានសន្យាថានឹងជួយរកវិធីព្យាបាលឲ្យជាសះស្បើយ។
ក្រោយពីបានលាងឈាមជាប្រចាំ និងដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ក្រុមគ្រូពេទ្យកម្ពុជា និងគ្រូពេទ្យបារាំង នៅមន្ទីរពេទ្យកាល់ម៉ែត អ្នកគ្រូ ម៉ូវ សុផាន់ បានទទួលការវះកាត់ប្តូរក្រលៀនដោយជោគជ័យ។ សម្តេចតេជោបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមគ្រូពេទ្យទាំងអស់ ជាពិសេសអ្នកបរិច្ចាគក្រលៀន ដែលបានផ្តល់ជីវិតថ្មីដល់អ្នកគ្រូ ម៉ូវ សុផាន់។
សម្តេចតេជោ ហ៊ុន សែន បានសរសេរដូច្នេះថា៖ «មុននេះមួយរយៈខ្ញុំបានសន្យាជាមួយ កូនស្រី ម៉ូវ សុផាន់ ដែលជាគ្រូបង្រៀននៅខេត្តព្រៃវែង ដែលមានជម្ងឺតម្រងនោម (ខូចក្រលៀន)ថានឹងរកវិធីព្យាបាលឲ្យជាសះស្បើយ។ ក្រោយលាងឈាមជាប្រចាំ រង់ចាំការព្យាបាល និងដោយមានការយកចិត្តទុកដាក់ពីគ្រូពេទ្យកម្ពុជា និងគ្រូពេទ្យបារាំង នៅមន្ទីរពេទ្យកាល់ម៉ែតកូនស្រី ម៉ូវ សុផាន់ បានវះកាត់ប្តូរក្រលៀនជោគជ័យហើយ។
សូមអរគុណក្រុមគ្រូពេទ្យកម្ពុជា និងបារាំងពិសេសអ្នកបរិច្ចាគក្រលៀន ដើម្បីឲ្យកូនស្រី ម៉ូវ សុផាន់ បានរស់ (បើគ្មានក្រលៀនដូរកូនស្រីរង់ចាំថ្ងៃស្លាប់ប៉ុណ្ណោះ)។ ពុកម៉ែនិងតាមជួយកូនទាំងពីរទាំងអ្នកផ្តល់ក្រលៀន ទាំងអ្នកទទួលក្រលៀនបន្តទៀត។ ប្រទេសយើងអាចព្យាបាលជម្ងឺបែបនេះ បានច្រើនករណីហើយមិនចាំបាច់ទៅដេករង់ចាំនៅប្រទេសក្រៅទៀតទេ»។
សូមជាម្រាបថា អ្នកគ្រូ ម៉ូវ សុផាន់ អាយុ២៦ឆ្នាំ ជាគ្រូកិច្ចព្រមព្រៀង បង្រៀននៅខេត្តព្រៃវែង។ បន្ទាប់ពីបង្រៀនបានចំនួន ៤ខែ ស្រាប់តែធ្លាក់ខ្លួនឈឺ ហើយត្រូវបានសម្តេចតេជោ ហ៊ុន សែន ផ្តល់ក្តីអាណិតអាសូរ ប្រកាសទទួលរ៉ាប់រងក្នុងការព្យាបាលទាំងស្រុង ជំងឺខូចតម្រងនោមដំណាក់កាលចុងក្រោយរបស់អ្នកគ្រូ៕


