ក្រុមហ៊ុនសន្តិសុខ NMR Security ចាត់វិធានការតាមផ្លូវច្បាប់លើអង្គភាពសារព័ត៌មានមួយចំនួនតូច ក្រោយអះអាងថាខាតបង់ចំណូលជិត ៥០ម៉ឺនដុល្លារ

ភ្នំពេញ៖ ក្រុមហ៊ុន អិន អឹម អេ ស៊ីឃ្យូរីធី ឯ.ក (NMR Security Co., Ltd) បានសម្រេចចិត្តចាត់វិធានការតាមផ្លូវតុលាការ ទៅលើអង្គភាពសារព័ត៌មានមួយចំនួនតូច ជុំវិញការផ្សព្វផ្សាយព័ត៌មានដែលក្រុមហ៊ុនយល់ថា ខ្វះវិជ្ជាជីវៈ និងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និងអាជីវកម្មរបស់ខ្លួន។
យោងតាមការបញ្ជាក់ពីតំណាងក្រុមហ៊ុន មូលហេតុចម្បងដែលនាំឱ្យមានការសម្រេចចិត្តឈានដល់ផ្លូវតុលាការនេះ គឺដោយសារតែការចុះផ្សាយព័ត៌មានមិនត្រឹមត្រូវពីសំណាក់អង្គភាពសារព័ត៌មានមួយចំនួនតូចនោះ បានបណ្តាលឱ្យក្រុមហ៊ុនខាតបង់ចំណូលជិត ៥០ម៉ឺនដុល្លារអាមេរិក ព្រមទាំងប៉ះពាល់ធ្ងន់ធ្ងរដល់កេរ្តិ៍ឈ្មោះ និងដំណើរការអាជីវកម្មទាំងមូលផងដែរ។
ទន្ទឹមនឹងនេះ យោងតាមលិខិតដីកាកោះរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ បានបង្ហាញថា តំណាងអយ្យការបានកោះហៅបុគ្គលឈ្មោះ សួន សុខខឿន ភេទប្រុស អាយុ ៤១ឆ្នាំ (កើតថ្ងៃទី៣ ខែមេសា ឆ្នាំ១៩៨៥) ដែលមានតួនាទីជាប្រធានសហគ្រាសសន្តិសុខ nmr security ឱ្យចូលខ្លួនមកកាន់បន្ទប់ “ស” ជាន់ទី៣ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ១០:០០ នាទីព្រឹក តាមពាក្យបណ្តឹងរបស់តំណាងក្រុមហ៊ុន កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦។
ខាងក្រុមហ៊ុនបានគូសបញ្ជាក់ថា ខ្លួនមិនមានបំណងចង់ប្តឹងផ្តល់អ្នកសារព័ត៌មានណាម្នាក់ឡើយ ប៉ុន្តែការចាត់វិធានការនេះ គឺធ្វើឡើងក្នុងគោលបំណងការពារកិត្តិយស សិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ក្រុមហ៊ុន ព្រមទាំងទុកជាមេរៀនចំពោះការផ្សព្វផ្សាយដែលខ្វះការទទួលខុសត្រូវ ដោយតាំងរូបសន្តិសុខ និងសរសេរអត្ថបទ(ខប់សិន)មូលបង្កាច់។
ជាមួយគ្នានេះ ក្រុមហ៊ុន NMR Security ក៏បានសម្តែងការគោរព និងក្តីសង្ឃឹមយ៉ាងមុតមាំថា បងប្អូនអ្នកសារព័ត៌មានទាំងអស់ នឹងបន្តប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន ដោយធ្វើការពិនិត្យផ្ទៀងផ្ទាត់ប្រភពព័ត៌មានឱ្យបានច្បាស់លាស់ និងមានតុល្យភាពមុននឹងធ្វើការផ្សព្វផ្សាយ ដើម្បីជៀសវាងការបង្កផលប៉ះពាល់ដល់អ្នកដទៃ។
ក្រុមហ៊ុនក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាធារណជន និងអ្នកសារព័ត៌មានទាំងអស់ សម្រាប់ការយោគយល់ និងកិច្ចសហការកន្លងមក៕

