
(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងលោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ (MoU) ស្តីពីគម្រោងកិច្ចសហប្រតិបត្តិការចំនួន៧ ក្រោមមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (MLC) ឆ្នាំ២០២៦ ដែលមានថវិកាសរុបប្រមាណ ១,៩៨០,០០០ដុល្លារអាមេរិក។
យោងតាមសេចក្ដីប្រកាសព័ត៌មានដែលបណ្ដាញព័ត៌មានយើង ទទួលបាន នៅថ្ងៃដដែលនេះ បានបញ្ជាក់ថា គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ចំនួន៧ ដែលមានទឹកប្រាក់ប្រមាណ ១,៩៨០,០០០ ដុល្លារអាម៉េរិក រួមមាន៖
*ទី១៖ សហគ្រាសកសិករផលិតផ្សិតដើម្បីកាត់បន្ថយភាពក្រីក្រនៅខេត្តកណ្តាល
*២៖ ការរួមបញ្ចូលគ្នានៃការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ និងចែកចាយទឹកស្អាតដើម្បីអនាគត ទាំងអស់គ្នា – ដំណាក់កាលទី២
*៣៖ ការពង្រីកលទ្ធភាពឈានចូលទីផ្សារតំបន់តាមរយៈនវានុវត្តន៍សំបកវេចខ្ចប់ នៅក្នុងបណ្តា ប្រទេសមេគង្គ-ឡានឆាង
*៤៖ គម្រោងលុបបំបាត់ជំងឺរលាកថ្លើម
*៥៖ ឌីជីថលូបនីយកម្មទេសចរណ៍សហគមន៍មេគង្គ-ឡានឆាង៖ ការត្រៀមខ្លួនសម្រាប់ទទួល ភ្ញៀវទេសចរចិន
*៦៖ ការពង្រឹងសមត្ថភាពបច្ចេកវិទ្យាបៃតង និងបរិវត្តកម្មឌីជីថល សម្រាប់វិស្វករក្នុងបណ្តាប្រទេស អនុតំបន់មេគង្គ
*៧៖ ពីប្រទេសចិនមកកាន់ប្រទេសកម្ពុជា៖ គម្រោងការលើកកម្ពស់សមត្ថភាពទិន្នន័យទឹក និង កិច្ចសន្ទនាថ្នាក់តំបន់ ក្រោមក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ។
គម្រោងទាំងនេះនឹងរួមចំណែកដល់ការជំរុញការអភិវឌ្ឍជាតិជាអាទិភាពរបស់កម្ពុជាលើវិស័យផ្សេងៗ រួមមាន ការកាត់បន្ថយភាពក្រីក្រ ការអភិវឌ្ឍជនបទ សុខាភិបាល ទេសចរណ៍ និងបរិវត្តកម្មឌីជីថល។ ចាប់តាំងពីឆ្នាំ២០១៧ កម្ពុជាទទួលបានការគាំទ្រថវិកាសម្រាប់គម្រោងចំនួន ១១៣ ក្រោមមូលនិធិ ពិសេសសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ ប៉ាន់នាង។ ការអនុវត្តគំនិតផ្តួចផ្តើមទាំងនេះដោយ ជោគជ័យ បង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជា និងចិន ក្នុងការកសាងសហគមន៍វាសនារួមនៃសន្តិភាព វិបុលភាព
និងការអភិវឌ្ឍប្រកបដោយចីរភាព សម្រាប់បណ្តាប្រទេសមេគង្គ-ឡានឆាងទាំងអស់៕

