ជប៉ុន ស្វាគមន៍ការដោះលែងលោក កឹម សុខា, ជប៉ុននឹងបន្តផ្តល់ការគាំទ្រយ៉ាងមុតមាំសម្រាប់ការអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលជប៉ុន តាមរយៈស្ថានទូតរបស់ខ្លួនប្រចាំកម្ពុជា នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦នេះ បានប្រកាសស្វាគមន៍ចំពោះការលើកលែងទោសលោក កឹម សុខា។ រដ្ឋាជប៉ុននឹងបន្តផ្តល់ការគាំទ្រយ៉ាងមុតមាំសម្រាប់ការអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាផងដែរ។
តាមរយៈបណ្តាញសង្គម ស្ថានទូតជប៉ុន បានគូសបញ្ជាក់យ៉ាងដូច្នេះ៖ «សេចក្តីសំរេចនាពេលថ្មីៗនេះ ក្នុងការលើកលែងទោសលោក កឹម សុខា គឺជាផ្នែកមួយនៃការវិវឌ្ឍវិជ្ជមានចំពោះសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ហើយស្ថានទូតជប៉ុនប្រចាំកម្ពុជា សូមស្វាគមន៍ចំពោះជំហ៊ាននេះ និងបន្តតាមដានយ៉ាងយកចិត្តទុកដាក់នូវស្ថានភាពជុំវិញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ យើងក៏នឹងបន្តផ្តល់ការគាំទ្រយ៉ាងមុតមាំសម្រាប់ការអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាផងដែរ»។
គួរឱ្យដឹងថា ប្រមុខរដ្ឋស្តីទី សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ បានចេញព្រះរាជក្រឹត្យលើកលែងទោសឲ្យលោក កឹម សុខា ដែលត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារកំណត់២៧ឆ្នាំ។ ការលើកលែងទោសនេះអនុវត្តចំពោះតែទោសដាក់ពន្ធនាគារដែលជាមូលទោសប៉ុណ្ណោះ។
លោក កឹម សុខា ត្រូវបានតុលាការផ្តន្ទាទោសពីបទ «សន្ទិដ្ឋិភាពជាមួយបរទេស» តាមមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ ហើយត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧។
មុននឹងទទួលបានការលើកលែងទោស លោកត្រូវបានសាលាឧទ្ធរណ៍សម្រេចតម្កល់សាលក្រមសាលាដំបូង និងផ្តន្ទាទោសបន្ថែមដោយហាមឃាត់មិនឱ្យចេញក្រៅប្រទេសរយៈពេល ៥ឆ្នាំ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦៕

