អាជ្ញាធរខេត្តបន្ទាយមានជ័យ បន្ដចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន៤,០០៤បណ្ណ ជូនពលដ្ឋក្នុងភូមិស្វាយស ឃុំពន្លៃ ស្រុកភ្នំស្រុក

(បន្ទាយមានជ័យ)៖ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ និងរដ្ឋបាលបាលស្រុកភ្នំស្រុក បានរៀបចំពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុក្នុងភូមិស្វាយស ឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ស្មើនឹង៤,០០៤បណ្ណ។
ពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនេះធ្វេីឡើង ក្រោមអធិបតីភាពលោក លៀម សុដា អភិបាលរងខេត្ត តំណាងលោក អ៊ុំ រាត្រី អភិបាលខេត្ត ប្រារព្ធធ្វើឡើងនៅវត្តស្វាយស ឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦។
លោក មាស ដារ៉ា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានបញ្ជាក់ថា មុនពេលចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ប្រជាពលរដ្ឋដែលជាម្ចាស់ក្បាលដី គឺត្រូវឆ្លងកាត់៥ដំណាក់កាល។ លោកបានថ្លែងអំណរគុណប្រជាពលរដ្ឋម្ចាស់ក្បាលដីនីមួយៗ ដែលមានការចូលរួមកិច្ចសហការល្អជាមួយក្រុមការងារ ជាហេតុធ្វើឲ្យដំណើរការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធនេះ អាចប្រព្រឹត្តិទៅបានដល់ទីបញ្ចប់ និងឈានដល់ដំណាក់កាល នៃការចែកជូននូវបណ្ណសម្គាល់កម្មសិទ្ធិស្របច្បាប់ជូន។
ក្នុងនាមរដ្ឋបាលខេត្ត លោក លៀម សុដា អភិបាលរងខេត្ត ក៏បានថ្លែងអំណរគុណចំពោះក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបង្កើតឲ្យមានការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដែលជាការរួមចំណែកក្នុងការធ្វើឲ្យមានសុវត្ថិភាព នៃការកាន់កាប់ដីធ្លី កាត់បន្ថយបញ្ហាទំនាស់ និងជំរុញអភិវឌ្ឍន៍ទីផ្សារដីធ្លីប្រកបដោយ ប្រសិទ្ធភាពខ្ពស់ កាត់បន្ថយភាពក្រីក្រ ស្ថេរភាពសង្គម និងការអភិវឌ្ឍន៍សេដ្ឋកិច្ច ឲ្យកាន់តែប្រសើរឡើង ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល សម្រាប់អណត្តិទី៧នេះ។
ជាមួយគ្នានេះ លោកក៏អរគុណដល់ក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ដែលបានខិតខំធ្វើការចុះបញ្ជី ដីធ្លីជូនប្រជាពលរដ្ឋយ៉ាងមមាញឹក ទទួលបានលទ្ធផលល្អ និងបានរៀបចំពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ អចលនវត្ថុជូនដល់ប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា ការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ មានរយៈពេល៩ថ្ងៃ ចាប់ពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦តទៅ។ ផុតរយៈពេលកំណត់មន្ដ្រីជំនាញមន្ទីរ នឹងបន្តចែកបណ្ណជូនប្រជាពលរដ្ឋ នៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបន្ទាយមានជ័យ រៀងរាល់ម៉ោងធ្វើការ ដោយមិនកំណត់រយៈពេល៕

