លោកបណ្ឌិត ម៉ុង ឫទ្ធី លើកទឹកចិត្តដល់អ្នកចិញ្ចឹមសត្វ និងវិស័យឯកជន ប្រើប្រាស់បច្ចេកវិទ្យាទំនើប គ្រប់គ្រងសុខភាពសត្វ និងត្រួតពិនិត្យសុវត្ថិភាពម្ហូបអាហារ ដើម្បីឆ្ពោះទៅរកផលិតកម្មមានគុណភាព

(ភ្នំពេញ)៖ លោកបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ ទទួលបន្ទុកផែនការ វិនិយោគកសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និងបរិស្ថាន នៃព្រឹទ្ធសភា នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ បានថ្លែងលើកទឹកចិត្តដល់អ្នកចិញ្ចឹមសត្វ និងវិស័យឯកជន ប្រើប្រាស់បច្ចេកវិទ្យាទំនើប គ្រប់គ្រងសុខភាពសត្វ និងត្រួតពិនិត្យសុវត្ថិភាពម្ហូបអាហារ ដើម្បីឆ្ពោះទៅរកផលិតកម្មមានគុណភាព។
ការថ្លែងរបស់លោកបែបនេះ បានធ្វើឡើងនាឱកាសដែលលោក អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំកំពូលសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ឆ្នាំ២០២៦ ក្រោមប្រធានបទ៖ «ការពង្រឹងផលិតកម្មសត្វដើម្បីធានាសន្តិសុខស្បៀង និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព»។
ជាកិច្ចចាប់ផ្ដើម, លោក ស៊្រុន ពៅ បានមានប្រសាសន៍ពីគោលបំណងនៃការរៀបចំកិច្ចប្រជុំដ៏ធំនេះឡើង សកម្មភាពមួយចំនួនក្នុងកិច្ចប្រជុំ និងបានបង្ហាញពីលទ្ធផលការងារមួយចំនួនទៅកាន់អង្គពិធី។ លោក បានបញ្ជាក់ថា វិស័យចិញ្ចឹមសត្វនៅកម្ពុជាកំពុងមានសន្ទុះជាខ្លាំង ដោយផលិតកម្មជ្រូករស់ ធានាការផ្គត់ផ្គង់គ្រប់គ្រាន់ ទៀងទាត់ និងបាននាំចេញទៅប្រទេសជិតខាងផងដែរ។
ក្នុងបរិបទពិភពលោកបច្ចុប្បន្នដែលកំពុងប្រឈមមុខនឹងបញ្ហាសង្គ្រាម ការប្រែប្រួលអាកាសធាតុ ការរំខានខ្សែសង្វាក់ផ្គត់ផ្គង់ និងការកើនឡើងតម្រូវការអាហារវិស័យបសុសត្វមានតួនាទីសំខាន់យ៉ាងខ្លាំង ក្នុងការធានាសន្តិសុខស្បៀង ការបង្កើនចំណូលប្រជាពលរដ្ឋ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
លោកបណ្ឌិត បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាតែងតែយកចិត្តទុកដាក់លើវិស័យកសិកម្ម ជាពិសេសវិស័យបសុសត្វ ដោយបានដាក់ចេញនូវគោលនយោបាយ និងវិធានការជាច្រើនដើម្បីលើកកម្ពស់ផលិតកម្មក្នុងស្រុកកាត់បន្ថយការនាំចូល និងបង្កើនសមត្ថភាពប្រកួតប្រជែងលើទីផ្សារអន្តរជាតិ។
លោក បានគូសបញ្ជាក់ថា «វិស័យបសុសត្វមិនមែនត្រឹមតែជាអាជីវកម្មទេ ប៉ុន្តែជា «សសរស្តម្ភសន្តិសុខស្បៀងជាតិ» និងជាអ្នកបង្កើតការងារសម្រាប់ប្រជាពលរដ្ឋរាប់លាននាក់។ ទោះបីបញ្ហាប្រឈមមួយចំនួននៅតែមាន ក៏ប៉ុន្តែនៅពេលដែលភាគីទាំងអស់សហការជាមួយគ្នា បញ្ហានឹងត្រូវបានដោះស្រាយ»។
សូមជម្រាបថា វិស័យចិញ្ចឹមសត្វ គឺជាវិស័យស្នូលមួយសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសន្តិសុខអាហាររបស់ប្រទេស វាមានតួនាទីសំខាន់ក្នុងការផ្គត់ផ្គង់អាហារ បង្កើតការងារ កាត់បន្ថយភាពក្រីក្រ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ ដែលយើងទាំងអស់គ្នាមិនអាចបោះបង់ចោលបាន។
ទិសដៅរបស់រាជរដ្ឋាភិបាល តែងតែផ្តល់អាទិភាពខ្ពស់ដល់ការអភិវឌ្ឍវិស័យ កសិកម្ម និងចិញ្ចឹមសត្វជាពិសេស ការពង្រឹងសុខភាពសត្វ និងការគ្រប់គ្រងជំងឺ ការកែលម្អគុណភាពផលិតកម្ម ការលើកកម្ពស់ស្តង់ដារ និងសុវត្ថិភាពអាហារ ការគាំទ្រកសិករ និងអ្នកវិនិយោគទាំងអស់។
លោកបណ្ឌិត ម៉ុង ឫទ្ធិ ក៏បានលើកទឹកចិត្តដល់អ្នកចិញ្ចឹមសត្វ និងវិស័យឯកជនទាំងអស់ឱ្យបន្តអភិវឌ្ឍន៍ខ្លួនទៅរក៖ ទី១-ការប្រើប្រាស់បច្ចេកវិទ្យាទំនើប, ទី២-ការគ្រប់គ្រងសុខភាពសត្វ និង ទី៣-ការធានាសុវត្ថិភាពចំណីអាហារ ដើម្បីឆ្ពោះទៅរកផលិតកម្មដែលមានគុណភាព និងប្រកបដោយចីរភាព។
ជាថ្មីម្ដងទៀត លោកបណ្ឌិត ក៏បានអំពាវនាវដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ឱ្យបន្តសហការជាមួយវិស័យឯកជនក្នុងការកែលម្អគោលនយោបាយបង្កើនការវិនិយោគ និងការគាំទ្រផ្នែកហិរញ្ញវត្ថុដើម្បីធ្វើឲ្យវិស័យបសុសត្វកម្ពុជាកាន់តែរីកចម្រើន និងមានភាពប្រកួតប្រជែង៕

