គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យព្យាបាលជំងឺទូទៅ ជំងឺភ្នែក សុខភាពមាត់ធ្មេញ និងអប់រំសុខភាពជូនគ្រូបង្រៀន សិស្សានុសិស្ស និងអាណាព្យាបាលក្នុងខេត្តបាត់ដំបង

(បាត់ដំបង)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានចាត់ឲ្យក្រុមគ្រូពេទ្យរបស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានចុះពិនិត្យព្យាបាលជំងឺទូទៅ ជំងឺភ្នែក សុខភាពមាត់ធ្មេញ និងអប់រំសុខភាពជូនសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងអាណាព្យាបាល សរុបចំនួន ៣៣៩០នាក់នៅក្នុងខេត្តបាត់ដំបង។
ពិធីសំណេះសំណាល និងពិនិត្យព្យាបាលនេះធ្វើឡើងនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦នេះ នៅបរិវេណសាលាបឋមសិក្សារំចេក៣ ស្ថិតក្នុងសង្កាត់រតនៈ ក្រុងបាត់ដំបង ក្រោមអធិបតីភាព លោក ពេជ សោភ័ន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មការជាតិជំរុញវិធានការគន្លឹះក្នុងវិស័យអប់រំ (គ.វ.អ.)។
លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានបញ្ជាក់ជូនថា កម្មវិធីពិនិត្យសុខភាព និងព្យាបាលជំងឺរបស់គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ក្នុងឱកាសនេះ មានសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូសរុបចំនួន ២,៩៣៨នាក់ ដែលមាន៥សាលារួមមាន៖ សាលាបឋមសិក្សារំចេក៣, សាលាបឋមសិក្សាវត្តកំផែង សង្កាត់ស្វាយប៉ោ, សាលាបឋមសិក្សាសាលាបាឡាត់ សង្កាត់អូរម៉ាល់, សាលាបឋមសិក្សាអន្លង់វិល ស្រុកសង្កែ និងសាលាបឋមសិក្សាឈើទាល ស្រុកបាណន់។
ក្នុងនាមរដ្ឋបាលខេត្ត និងប្រជាពលរដ្ឋលោក សុខ លូ គោរពថ្លែងអំណរគុណចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ច័ន្ទមុន្នី ហ៊ុនម៉ាណែត ដែលជានិច្ចកាលតែងតែគិតគូរពីជីវភាពរស់នៅសុខុមាលភាពរបស់ប្រជាពលរដ្ឋ ជាពិសេសយកចិត្តទុកដាក់ព្រួយបារម្ភពីបញ្ហាសុខភាពទូទៅ ដូច្នេះហើយបានចាត់តាំងដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាលជំងឺទូទៅ ជំងឺភ្នែក សុខភាពមាត់ធ្មេញ និងអប់រំសុខភាពជូនសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ក្នុងឱកាសនេះ។
លោកបានគូសបញ្ជាក់ថា ការបង្កើតសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ គឺដើម្បីព្យាបាលជំងឺជូនប្រជាពលរដ្ឋក្រីក្រដោយឥតគិតថ្លៃ ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកាត់បន្ថយភាពក្រីក្រ តាមរយៈការបង្ខិតសេវាសុខាភិបាលជូនដល់ប្រជាពលរដ្ឋនៅតំបន់ជនបទដាច់ស្រយាល និងបណ្ដុះបណ្ដាលធនធានមនុស្ស ពាក់ព័ន្ធវិស័យសុខាភិបាល។
លោក ពេជ សោភ័ន បានលើកឡើងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ច័ន្ទមុន្នី បានយកចិត្តទុកដាក់បំផុតចំពោះសុខមាលភាពរបស់កុមារដែលនឹងក្លាយទៅជាមូលធនមនុស្សនៅថ្ងៃអនាគតក្នុងការជួយជំរុញការអភិវឌ្ឍប្រទេសជាតិ ទើបសម្ដេចនិងលោកជំទាវបានចាត់ឲ្យក្រុមគ្រូពេទ្យចុះពិនិត្យព្យាបាលជំងឺទូទៅ ជំងឺភ្នែកសុខភាពមាត់ធ្មេញ និងអប់រំសុខភាពជូនសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូនាពេលនេះ។
លោក ពេជ សោភ័ន គូសបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធាន គ.វ.អ. បានដាក់ចេញនូវវិធានការ គន្លឹះក្នុងវិស័យអប់រំ ដើម្បីលើកកម្ពស់គុណភាព អប់រំ របស់សាលារដ្ឋ ដោយផ្តោតលើវិធានការគន្លឹះចំនួន៤។
លោកអំពាវនាវដល់សាលាគោលដៅ ត្រូវបំផុសជំរុញចលនាដាំដុះបន្លែនៅតាមសាលារៀនដើម្បីផ្ដល់ជូនដល់ប្រជាពល
រដ្ឋភៀសសឹក និងកងទ័ពជួរមុខក្នុងស្មារតីសាមគ្គីជាតិ អ្នកជួរក្រោយគាំទ្រអ្នកជួរមុខ៕

