សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំគ្រប់ក្រសួង ស្ថាប័ន បន្ថយការប្រជុំដោយផ្ទាល់ និងប្ដូរមកប្រជុំតាមអនឡាញ ដើម្បីកាត់បន្ថយការចំណាយថ្លៃប្រេង

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំដល់គ្រប់បណ្ដាក្រសួង ស្ថាប័នទាំងអស់ ត្រូវកាត់បន្ថយការប្រជុំដោយផ្ទាល់ និងត្រូវប្ដូរមកប្រជុំតាមប្រព័ន្ធអនឡាញ ដើម្បីកាត់បន្ថយការចំណាយថ្លៃប្រេង និងកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈចំពោះមធ្យោបាយធ្វើដំណើរ លើកលែងករណីចាំបាច់។
ក្នុងសារាចរស្ដីពីវិធានការសន្សំសំចៃលើការប្រើប្រាស់ប្រេងឥន្ធនៈ និងអគ្គិសនី នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំសល់ក្រសួងមហាផ្ទៃ ត្រូវណែនាំដល់រដ្ឋបាលថ្នាក់ក្រោមជាតិ និងអាជ្ញាធរមូលដ្ឋាន ឲ្យបង្កើនការខិតខំសន្សំសំចៃលើការប្រើប្រាស់ប្រេងឥន្ធនៈ និងណែនាំដល់អង្គភាពក្រោមឱវាទឲ្យមានការសម្រួលចរាចរណ៍ឲ្យបានល្អ នៅក្នុងអំឡុងម៉ោងមមាញឹកបំផុត ជាពិសេសក្នុងឱកាសពិធីបុណ្យជាតិធំៗ ដើម្បីចៀសវាងការកកស្ទះដែលតម្រូវឲ្យចំណាយប្រេងឥន្ធនៈបន្ថែម ក្នុងពេលរង់ចាំនៅលើដងផ្លូវ។
បើតាមសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវគិតគូរពិនិត្យលទ្ធភាពក្នុងការសន្សំសំចៃចំណាយថវិកា តាមរយៈការដាក់ចេញនូវសារាចរលម្អិតដោយឡែកមួយ ស្តីពីវិធានការធ្វើវិចារណកម្ម និងការពង្រឹងប្រសិទ្ធភាព ចំណាយថវិកាជាអាទិ៍ ចំណាយលើប្រេងឥន្ធនៈ និងបេសកកម្មក្នុងប្រទេសនិងក្រៅប្រទេស លើកលែងតែក្រសួង ស្ថាប័ន ដែលមានប្រតិបត្តិការចាំបាច់ពាក់ព័ន្ធនឹងកិច្ចការពារអធិបតេយ្យជាតិ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ និងការបន្តនិរន្តរភាពនៃការផ្តល់សេវាសាធារណៈដែលមានលក្ខណៈយុទ្ធសាស្ត្រប៉ុណ្ណោះ៕

