សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលឹកជនរួមជាតិថា សល់តែ៨ថ្ងៃទៀតប៉ុណ្ណោះ ជាខួប១ឆ្នាំ នៃការចងចាំរបស់ខ្មែរ ដែលវីរៈយុទ្ធជនយើង ត្រូវបានទាហានថៃបាញ់សម្លាប់ នៅតំបន់មុំបី ដែលការបាញ់សម្លាប់នេះ នាំឱ្យមានការផ្ទុះអាវុធបន្តបន្ទាប់កន្លងមក

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានផ្ញើសារតាមរយៈអ្នកនាំពាក្យរបស់សម្តេច រំលឹកជនរួមជាតិថា សល់តែ៨ថ្ងៃទៀតប៉ុណ្ណោះ នឹងដល់ខួប១ឆ្នាំ នៃការចងចាំរបស់ខ្មែរ ដែលវីរៈយុទ្ធជនយើង ត្រូវបានទាហានថៃបាញ់សម្លាប់ នៅតំបន់មុំបី ដែលការបាញ់សម្លាប់នេះ នាំឱ្យមានការផ្ទុះអាវុធបន្តបន្ទាប់កន្លងមក។
សាររំលឹករបស់សម្តេចតេជោ ហ៊ុន សែន ត្រូវបានប្រកាសជាសាធារណៈដោយ លោក ជា ធីរិទ្ធ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា និងជាអ្នកនាំពាក្យសម្តេចតេជោ ក្នុងសន្និសីទសារព័ត៌មាន ស្តីពី «លទ្ធផលនៃកិច្ចប្រជុំប្រធានគណបក្សនយោបាយក្នុងសម្ព័ន្ធភាព» នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦នេះ។
លោកបានលើកឡើងដូច្នេះថា៖ «ខ្ញុំសូមផ្ញើសារចុងក្រោយ ដែលជាសាររបស់ប្រមុខគណបក្សកាន់អំណាច សម្តេចតេជោ លោកបានរំលេចថា នៅសល់តែ៨ថ្ងៃទៀតប៉ុណ្ណោះ ជាថ្ងៃនៃការចងចាំរបស់យើង ដែលវីរៈជន វីរៈយោធារបស់យើង ត្រូវបានទាហានថៃបាញ់សម្លាប់ នៅថ្ងៃទី២៨ខែឧសភា ដែលការបាញ់សម្លាប់នៅតំបន់មុំបីនេះឯង ទើបមានការផ្ទុះអាវុធបន្តបន្ទាប់កន្លងមក ថ្ងៃនោះជាថ្ងៃនៃការចងចាំនៃការឈ្លានពាន និងរំលោភបំពានមកលើ អធិបតេយ្យភាពរបស់កម្ពុជាដោយខុសច្បាប់ ដែលប្រជាជនខ្មែរត្រូវតែចងចាំ»។
សូមបញ្ជាក់ថា ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ជាហេតុការណ៍ប៉ះទង្គិចគ្នាមួយរយៈពេលខ្លីរវាងកងទ័ពកម្ពុជា-ថៃ នៅព្រំដែនតំបន់មុំបី ស្ថិតនៅខេត្តព្រះវិហារ។ ការប៉ះទង្គិចរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ ដែលបានកើតឡើងនៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយកងទ័ពថៃបានធ្វើការបាញ់ប្រហារមុនមកលើលេណដ្ឋាន ដែលជាទីតាំងឈរជើងរបស់កងទ័ពកម្ពុជា ជាយូរលង់ណាស់មកហើយ បណ្តាលឱ្យបាត់បង់ជីវិតកងទ័ពកម្ពុជាម្នាក់។ យោធិនរូបនោះមានឈ្មោះ សួន រោន អាយុ៤៨ឆ្នាំ តួនាទីព្រិន្ទបាលឯក មានទីលំនៅក្នុងភូមិកំពេញ ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ៕

