នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញចុះត្រួតពិនិត្យការងារកសាងទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺថ្មី នៅស្រុកសំរោងទង

(កំពង់ស្ពឺ)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាល្ងាចថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ បានអញ្ចើញចុះត្រួតពិនិត្យការងារកសាងទី បញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ (ថ្មី) ស្ថិតនៅភូមិអន្លង់គង់ ឃុំត្រពាំងគង ស្រុកសំរោងទង។
នាយឧត្តមសេនីយ៍ សៅ សុខា តែងតែយកចិត្តទុកដាក់លើកងកម្លាំងទាំងអស់ ដោយបានណែនាំឲ្យប្រធានអង្គភាពរៀបចំទីបញ្ជាការកងរាជអាវុធហត្ថឲ្យបានសមរម្យ ដើម្បីមានកន្លែងធ្វើការត្រឹមត្រូវ ចូលរួមចំណែកអនុវត្តបទបញ្ជា យ៉ាងម៉ឺងម៉ាត់ក្នុងការបង្ការទប់ស្តាត់ និងបង្ក្រាបបទល្មើសនានា។
នាយឧត្តមសេនីយ៍ សៅ សុខា បានយកចិត្តទុកដាក់លើការងារកសាងធនធានមនុស្ស ការងារកសាងអង្គភាព កន្លែងស្នាក់នៅ កន្លែងធ្វើការ ការអប់រំ និងការហ្វឹកហ្វឺនលើកម្ពស់សមត្ថភាព ជាពិសេសការងារចិញ្ចិមថែទាំ សុខភាពកងទ័ព និងអនុវត្តគោលនយោបាយលើកទឹកចិត្តដោះស្រាយទុក្ខលំបាកក្នុងជួរកងរាជអាវុធហត្ថ។
តាមរយៈការរៀបចំទីបញ្ជាការកងរាជអាវុធហត្ថនេះ ក៏បានធ្វើឲ្យកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ មានភាពរឹងមាំ មានវិន័យ មានក្រមសីលធម៌វិជ្ជាជីវៈ ក្នុងការអនុវត្តតួនាទីភារកិច្ចបានយ៉ាងមានប្រសិទ្ធិភាព ចូលរួមថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់ ពង្រឹងកាអនុវត្តច្បាប់ បង្ក្រាបរាល់បទល្មើស រួមចំណែកក្នុងការថែរក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយដែលជាលក្ខខណ្ឌមិនអាចខ្វះបាន ក្នុងការសាងអភិវឌ្ឍន៍ និងការរីកចម្រើនជាលំដាប់របស់ប្រទេសជាតិ៕

