ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី អញ្ជើញប្រារព្ធពិធីក្រុងពាលីដើម្បីរៀបចំព្រឹត្តិការណ៍នគរសង្ក្រាន្ដ ឆ្នាំ២០២៦ នៅវត្តភ្នំ

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍នគរសង្ក្រាន្ត និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ បានប្រារព្ធពិធីក្រុងពាលីបើកការដ្ឋានរៀបចំព្រឹត្តិការណ៍នគរសង្ក្រាន្ដ ឆ្នាំ២០២៦ នៅរមណីយដ្ឋានប្រវត្តិសាស្រ្ដវត្តភ្នំ រាជធានីភ្នំពេញ។
ក្នុងពិធីក្រុងពាលីបើកការដ្ឋានព្រឹត្តិការណ៍នគរសង្ក្រាន្ដ ឆ្នាំ២០២៦ មានការចូលរួមពីលោក លោកស្រី ជាសមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលស.ស.យ.ក. និងគណៈកម្មាធិការរៀបចំព្រឹត្តិការណ៍នគរសង្ក្រាន្តជាច្រើនរូបផងដែរ។
គោលបំណងសំខាន់នៃការរៀបចំពិធីក្រុងពាលីនេះ ធ្វើឡើងដើម្បីបួងសួងដល់វត្ថុសក្តិសិទ្ធិទាំងឡាយ ម្ចាស់ទឹកម្ចាស់ដី ទេវតាថែរក្សានៅព្រះរាជាណាចក្រកម្ពុជា សូមឱ្យការសាងសង់ទីតាំង និងការរៀបចំនានានៃព្រឹត្តិការណ៍នគរសង្រ្កាន្ត ឆ្នាំ២០២៦ ដំណើរការទៅដោយរលូន និងមានសេចក្តីសុខ សិរីសួស្តីដល់ក្រុមការងារគ្រប់គ្នា។
គណៈកម្មការរៀបចំព្រឹត្តិការណ៍នគរសង្ក្រាន្ដ បានរៀបចំពិធីក្រុងពាលីបើកការដ្ឋានសាងសង់ស្របតាមជំនឿដែលជាទំនៀមទំលាប់ ប្រពៃណីខ្មែរ។ ថ្នាក់ដឹកនាំស.ស.យ.ក. តែងតែគោរពប្រតិបត្តិតាមជំនឿ និងទំនៀមទំលាប់ប្រពៃណីខ្មែរ ជាពិសេសនៅទីតាំងតំបន់ជាទីគោរពសក្ការៈរបស់ប្រជាពលរដ្ឋខ្មែរ៕

