ប្រជាពលរដ្ឋខ្មែរនៅនូវ៉ែលហ្សេឡង់ ប្រមាណជាង ២០០នាក់ ប្រមូលផ្តុំគ្នាទាមទារយុត្តិធម៌ និងថ្កោលទោសការបាញ់ប្រហាររបស់ទ័ពសៀម លើពលរដ្ឋកម្ពុជាស្លូតត្រង់ នៅភូមិព្រៃចាន់

នូវ៉ែលហ្សេឡង់)៖ ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅប្រទេសនូវ៉ែលហ្សេឡង់ ចំនួនប្រមាណជាង ២០០នាក់ នៅថ្ងៃទីទី១៥ និងទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ (ម៉ោងនៅនូវ៉ែលហ្សេឡង់) បានរួមគ្នាប្រមូលផ្តុំគ្នានៅសួនច្បារ Barry Curtis Park ក្នុងទីក្រុងអូកឡិន (Auckland) និងទីក្រុងHamilton ដើម្បីធ្វើបាតុកម្មសម្តែងមតិ និងថ្កោលទោសយ៉ាងដាច់អហង្ការចំពោះសកម្មភាពបាញ់ប្រហារយ៉ាងឃោរឃៅមកលើប្រជាជនស្លូតត្រង់កម្ពុជា នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលបណ្តាលឱ្យមានការស្លាប់បាត់បង់ជីវិត និងរងរបួសជាច្រើននាក់ ពីសំណាក់កងទ័ពរបស់ ប្រទេសសៀម។
បងប្អូនប្រជាពលរដ្ឋខ្មែរ នៅប្រទេសនូវ៉ែលហ្សេឡង់ បានរួបរួមសាមគ្គីគ្នា និងសំដែងមតិ ជាធ្លុងមួយក្នុងការលើកឡើងនូវចំណុចទាមទារសំខាន់ៗដូចខាងក្រោម៖
* ទាមទាររកយុត្តិធម៌ ពីប្រទេសសៀម ដែលបានបាញ់ប្រហារមកលើប្រជាជនស្លូតត្រង់កម្ពុជានៅ ភូមិព្រៃចាន់។
* ទាមទារឱ្យសៀមគោរពកិច្ចព្រមព្រៀងសន្តិភាពកូឡាឡាំពួរ យ៉ាងម៉ឺងម៉ាត់។
* បញ្ឈប់ជាបន្ទាន់នូវការបាញ់ប្រហារ និងការបង្ករហិង្សា មកលើប្រជាជនស្លូតត្រង់កម្ពុជា ដែលបានបំពានច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ។
* ធ្វើការគោរពវិញ្ញាណក្ខន្ធ ប្រជាជនដែលបានបាត់បង់ជីវិតពីការបាញ់ប្រហារដ៏ឃោរឃៅពីសំណាក់ ប្រទេសសៀម។
* ទាមទារដោះលែងទាហានកម្ពុជា ដែលបានចាប់ខ្លួន ដោយឥតលក្ខខណ្ឌ។
ឆ្លៀតក្នុងឱកាសនោះផងដែរ, បងប្អូនប្រជាពលរដ្ឋខ្មែរ បានធ្វើការ ថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅដល់ ប្រធានាធិបតីអាមេរិក លោក Donald Trump និង នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ដែលបានធ្វើអន្តរាគមន៍យ៉ាងឆាប់រហ័ស បន្ទាប់ពីមានការបាញ់ប្រហារដ៏សោកសៅនេះបានកើតឡើង។
ការប្រមូលផ្តុំនេះបានបង្ហាញពីស្មារតីសាមគ្គីភាព និងការរួបរួមគ្នារបស់ប្រជាពលរដ្ឋខ្មែរនៅឯនាយសមុទ្រ ក្នុងការស្វែងរកយុត្តិធម៌ និងសន្តិភាពជូនជាតិមាតុភូមិ៕

