
👉សេចក្តីជូនដំណឹងរបស់ រដ្ឋបាលខណ្ឌប្ញស្សីកែវ ស្តីពីការតម្រូវឱ្យរុះរើសំណង់ខ្នងផ្ទះ និងសម្ភារៈផ្សេងៗដែលប៉ះពាល់ដល់ការស្ថាបនាផ្លូវបេតុងថ្មី (អតីតផ្លូវ រថភ្លើង) ជម្រាបជូន៖
-លោក គឹម សីហា (តំណាងក្រុមគ្រួសារលោក គឹម ហួរ) អាសយដ្ឋានផ្លូវបេតុងថ្មី (អតីតផ្លូវរថភ្លើង) ភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ
-លោកស្រី ម៉េង សុខា អាសយដ្ឋានផ្លូវបេតុងថ្មី (អតីតផ្លូវរថភ្លើង) ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ
តបតាមកម្មវត្ថុខាងលើ សូមជម្រាប លោក លោកស្រី ជ្រាបថា៖ គម្រោងស្ថាបនាផ្លូវបេតុងថ្មី (អតីតផ្លូវ រថភ្លើង) ដែលរដ្ឋបាលរាជធានីភ្នំពេញ បានដោះស្រាយផលប៉ះពាល់រួច និងស្ថាបនាជាផ្លូវបេតុងសម្រេចបានប្រមាណ ៩៨% ហើយនៅសល់ ២ទីតាំងប៉ុណ្ណោះ ដែលពុំទាន់រុះរើចេញ ក្នុងនោះមានទីតាំងលំនៅដ្ឋានរបស់ លោក-លោកស្រីផងដែរ ស្ថិតនៅភូមិចុងខ្សាច់ និងភូមិទួលសង្កែសង្កាត់ទួលសង្កែទី១។ រដ្ឋបាលរាជធានីភ្នំពេញ បានឯកភាពដោះស្រាយដីចំនួន ៣ឡូតិ៍នៅតំបន់ អភិវឌ្ឍន៍ព្រែកអូរវែងជូនតាមសំណើរបស់លោកស្រី ។ បច្ចុប្បន្នផ្លូវបេតុងថ្មី (អតីតផ្លូវរថភ្លើង) ដែលបានស្ថាបនាស្ទើរ រួចរាល់ទាំងស្រុងខាងលើ បាននឹងកំពុងប្រើប្រាស់ជាឧត្តមប្រយោជន៍ដល់បងប្អូនប្រជាពលរដ្ឋទូទៅធ្វើចរាចរទៅមក យ៉ាងមមាញឹក ប៉ុន្តែមានការកកស្ទះជាប្រចាំថ្ងៃ នៅត្រង់ចំណុចផ្លូវប្រសព្វមុខវត្តទួលសង្កែ ដោយហេតុទីតាំងលំនៅដ្ឋាន របស់លោកស្រីពុំទាន់រុះរើចេញនៅឡើយ ។
ដូចនេះ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ សម្រួលដល់ការធ្វើដំណើរ ទៅមករបស់បងប្អូនប្រជាពលរដ្ឋទូទៅ ក៏ដូចជាបញ្ចៀសការកកស្ទះចរាចរប្រចាំថ្ងៃ និងការស្ថាបនាសម្រេចផ្លូវបេតុងថ្មី (អតីតផ្លូវរថភ្លើង) ឱ្យបានរួចរាល់ជាស្ថាពរ រដ្ឋបាលខណ្ឌឫស្សីកែវ តម្រូវឲ្យ លោកស្រី រុះរើសំណង់ខ្នងផ្ទះ និងសម្ភារៈ ផ្សេងៗចេញពីដីផ្លូវខាងលើ ក្នុងរយៈពេល ០៧ថ្ងៃ គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ហើយសូម លោកស្រី មកទទួល យកដីឡូតិ៍ដែលរដ្ឋបាលរាជធានីភ្នំពេញ បានផ្តល់ជូនតាមរយៈមន្ត្រីទទួលបន្ទុកការងាររបស់រដ្ឋបាលខណ្ឌឫស្សីកែវ (ជា រៀងរាល់ថ្ងៃធ្វើការ) ។ ក្នុងករណី លោកស្រី មិនសហការអនុវត្តតាមការណែនាំខាងលើ រដ្ឋបាលខណ្ឌ នឹងចាត់វិធាន ការរដ្ឋបាលចុះរុះរើដោយពុំទទួលខុសត្រូវលើការខូចខាត ឬបាត់បង់ផលប្រយោជន៍អ្វីឡើយ ។
អាស្រ័យហេតុនេះ សូម លោក-លោកស្រី ជ្រាប និងអនុវត្តតាមខ្លឹមសារ នៃសេចក្ដីជូនដំណឹងនេះ៕


