លោកបណ្ឌិត សួន សុខឌឿន ប្រធានសមាគម និងក្រុមការងារនៃ សមាគមអ្នកសារព័ត៌មាន អិន អឹម អ កម្ពុជា និងអន្តរជាតិ មានកិត្តិយស និងមោទនភាពយ៉ាងក្រៃលែង ដែលត្រូវបានក្រសួងមហាផ្ទៃ អញ្ជើញឱ្យចូលរួមវេទិកាស្តីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល លើកទី៧ ដែលរៀបចំដោយក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

វេទិកាដ៏មានសារៈសំខាន់នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងកិច្ចសន្ទនា កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល ដើម្បីរួមចំណែកលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាពនៅព្រះរាជាណាចក្រកម្ពុជា។
ក្នុងនាមជាស្ថាប័នដែលផ្តោតលើការបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពវិជ្ជាជីវៈអ្នកសារព័ត៌មាន សមាគមអ្នកសារព័ត៌មាន អិន អឹម អ កម្ពុជា និងអន្តរជាតិ នឹងបន្តបំពេញតួនាទីផ្សព្វផ្សាយព័ត៌មានប្រកបដោយវិជ្ជាជីវៈ សុចរិតភាព តម្លាភាព និងទំនួលខុសត្រូវខ្ពស់ ព្រមទាំងធ្វើជាស្ពានភ្ជាប់ដ៏មានប្រសិទ្ធភាពរវាងស្ថាប័នរដ្ឋ វិស័យឯកជន អង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋ ដើម្បីរួមចំណែកលើកកម្ពស់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងប្រទេសជាតិ។
សូមសម្តែងនូវការអបអរសាទរ និងការកោតសរសើរចំពោះការរៀបចំវេទិកាដ៏មានអត្ថន័យនេះ ដែលបានបង្កើតឱកាសឱ្យគ្រប់ភាគីពាក់ព័ន្ធបានជួបពិភាក្សា ផ្លាស់ប្តូរទស្សនៈ និងពង្រឹងកិច្ចសហការប្រកបដោយភាពជាដៃគូ សំដៅរួមគ្នាអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន និងប្រកបដោយចីរភាព។
សមាគមអ្នកសាព័ត៌មាន អិន អឹម អ កម្ពុជា និងអន្តរជាតិ នឹងបន្តឈរលើគោលការណ៍វិជ្ជាជីវៈ ស្មោះត្រង់ និងទំនួលខុសត្រូវ ក្នុងការចូលរួមលើកកម្ពស់សេរីភាពសារព័ត៌មាន ការផ្សព្វផ្សាយព័ត៌មានពិត និងការកសាងសង្គមដែលមានការយល់ដឹង សន្តិភាព និងការអភិវឌ្ឍប្រកបដោយបរិយាបន្ន។
រាជធានីភ្នំពេញ, ព្រឹកថ្ងៃអង្គារ ទី២៨ ខែកក្កដា ឆ្នាំ២០២៦


