រដ្ឋមន្ត្រី នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ចុះមូលដ្ឋានឆមាសទី១ និងដាក់ចេញទិសដៅបន្ត ដើម្បីពង្រឹងប្រសិទ្ធភាពការបម្រើប្រជាពលរដ្ឋ នៅខេត្តក្រចេះ

(ក្រចេះ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបសកម្មភាព និងលទ្ធផលការងារចុះមូលដ្ឋានប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត។
កិច្ចប្រជុំនេះធ្វើឡើងនាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ នៅសាលមហោស្រពខេត្តក្រចេះ ដោយមានការចូលរួមពីក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់សរុបប្រមាណជាង ៤០០រូប។
គោលបំណងសំខាន់នៃកិច្ចប្រជុំគឺដើម្បីពិនិត្យ វាយតម្លៃ និងបូកសរុបលទ្ធផលការងារដែលសម្រេចបានក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៦ ព្រមទាំងពិភាក្សាអំពីបញ្ហាប្រឈម និងដាក់ចេញនូវដំណោះស្រាយជាក់ស្តែង ដើម្បីពង្រឹងប្រសិទ្ធភាពការងារស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ។
ថ្លែងក្នុងពិធី លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមការងារ និងអាជ្ញាធរមូលដ្ឋាន ដែលបានសហការគ្នាអនុវត្តការងារចុះមូលដ្ឋានបម្រើប្រជាពលរដ្ឋ និងជំរុញការអភិវឌ្ឍសង្គមសេដ្ឋកិច្ចក្នុងខេត្ត។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ការចុះមូលដ្ឋានគឺជាការចុះស្តាប់ប្រជាពលរដ្ឋ កំណត់បញ្ហា ដោះស្រាយបញ្ហា និងទទួលខុសត្រូវចំពោះលទ្ធផល ខណៈដែលប្រជាពលរដ្ឋគឺជាអ្នកវាស់វែងពិតប្រាកដនៃប្រសិទ្ធភាពរបស់ក្រុមការងារ។ គោលដៅរួមគឺធ្វើឱ្យគោលនយោបាយរាជរដ្ឋាភិបាលប្រែក្លាយទៅជាសេវាសាធារណៈល្អ ជីវភាពប្រសើរ សន្តិសុខ សុវត្ថិភាព និងយុត្តិធម៌សម្រាប់ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន។
ប្រធានក្រុមការងារបានណែនាំឱ្យក្រុមការងារទាំងអស់បន្តពង្រឹងការសហការជាមួយអាជ្ញាធរមូលដ្ឋាន ធ្វើការចុះជិតស្និទ្ធជាមួយប្រជាពលរដ្ឋ ស្តាប់មតិយោបល់ និងដោះស្រាយបញ្ហាប្រឈមនានា ប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងគណនេយ្យភាព។ ទន្ទឹមនឹងនេះ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ត្រូវបន្តថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងធនធានធម្មជាតិ ព្រមទាំងអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពឱ្យមានប្រសិទ្ធភាព ដោយផ្តោតលើការទប់ស្កាត់គ្រឿងញៀន ក្មេងទំនើង អំពើហិង្សា ចរាចរណ៍ បទល្មើសធនធានធម្មជាតិ និងការឆបោកតាមប្រព័ន្ធអនឡាញ។
នៅក្នុងកិច្ចប្រជុំនេះដែរ លោក វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ បានណែនាំដល់អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ ត្រូវពន្លឿនការធ្វើ និងផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។
ជាមួយគ្នានេះ លោកអភិបាលខេត្ត ក៏បានជំរុញឱ្យកងកម្លាំងមានសមត្ថកិច្ចបន្តពង្រឹងវិធានការបង្ក្រាបហ្គេមអនឡាញខុសច្បាប់ និងរាល់សកម្មភាពល្មើសច្បាប់ពាក់ព័ន្ធ ដោយមិនអនុញ្ញាតឱ្យមានការបើកដំណើរការ ឬលួចលាក់ប្រព្រឹត្តនៅក្នុងភូមិសាស្ត្រខេត្តក្រចេះជាដាច់ខាត។ កិច្ចប្រជុំបានបញ្ចប់ដោយការប្តេជ្ញាចិត្តរួមគ្នាដើម្បីធានាថា ការអនុវត្តការងារនៅឆមាសទី២ ឆ្នាំ២០២៦ នឹងកាន់តែមានគុណភាព ប្រសិទ្ធភាព និងឆ្លើយតបបានកាន់តែល្អចំពោះសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។

