ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ចាត់ទុកការប្រកួតពានរង្វាន់ SOCCER LEAGUE មិនមែនត្រឹមតែជាព្រឹត្តិការណ៍កីឡាទេ តែវេទិកាដ៏សំខាន់រឹតចំណងមិត្តភាពយុវជន ឆ្ពោះទៅរកកម្លាំងសាមគ្គីដ៏រឹងមាំ

(ភ្នំពេញ)៖ នារសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាគណៈអធិបតីក្នុង កម្មវិធីបិទការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ SOCCER LEAGUE លើកទី៩ ឆ្នាំ២០២៦ នៅកីឡាដ្ឋានពហុកីឡាដ្ឋានជាតិអូឡាំពិក។
កម្មវិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ លោកអភិសន្តិបណ្ឌិត ស សុខា អនុប្រធាន ស.ស.យ.ក. លោក លោកស្រី តំណាងក្រសួង-ស្ថាប័ន ក្រុមហ៊ុនឯកជន ភ្ញៀវកិត្តិយស រួមទាំងសមាជិក សមាជិកា ស.ស.យ.ក. អាជ្ញាកណ្តាល កីឡាករ កីឡាការិនី សិល្បៈករ សិល្បៈការិនី យ៉ាងច្រើនកុះករ។
ជាកិច្ចចាប់ផ្ដើម លោកអភិសន្ដិបណ្ឌិត ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុករៀបចំការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ SOCCER LEAGUE លើកទី៩ ឆ្នាំ២០២៦ បានឡើងធ្វើការរបាយការណ៍សង្ខេបស្ដីពីការប្រកួតពានរង្វាន់ SOCCER LEAGUE លើកទី៩ ឆ្នាំ២០២៦ ដោយទទួលបានការដាក់ពាក្យចូលរួមប្រកួត មានចំនួន ៦៤ក្រុម ដែលក្នុងនោះមានក្រុមបាល់ទាំត់បុរសចំនួន ៥៦ក្រុម និងក្រុមបាត់ទាត់នារីចំនួន ៨ក្រុម។
លោកបានបញ្ជាក់ផងដែរថា ក្នុងរយៈពេលជាងមួយខែកន្លងមក ក្រុមកីឡាករនីមួយៗបានបង្ហាញពីការអភិវឌ្ឍសមត្ថភាពកាន់តែប្រសើរឡើងគួរឱ្យកត់សម្គាល់ ព្រមទាំងបានគោរពតាមគោលការណ៍ បទបញ្ជា និងលក្ខន្តិកៈនៃការប្រកួត ព្រមទាំងមានការយោគយល់ និងអធ្យាស្រ័យគ្នា ប្រកបដោយការទទួលខុសត្រូវខ្ពស់។
ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានសម្តែងនូវសេចក្តីសោមនស្សរីករាយ នឹងកោតសរសើរចំពោះគណៈកម្មការរៀបចំការប្រកួត បាល់ទាត់ពានរង្វាន់ SOCCER LEAGUE លើកទី៩ ឆ្នាំ២០២៦នេះ អាចបញ្ជាប់ទៅដោយរលូន និងមានភាពជោគជ័យខ្ពស់បាន គឺកើតចេញពីបទពិសោធ កិច្ចខិតខំប្រឹងប្រែង និងស្មារតីទទួលខុសត្រូវខ្ពស់។
លោកបានរំលេចផងដែរថា ការរៀបចំការប្រកួតពានរង្វាន់ SOCCER LEAGUE ក្រោមប្រធានបទ «សាមគ្គីភាព ជាតិរឹងមាំ» មិនមែនត្រឹមតែជាព្រឹត្តិការណ៍កីឡាប៉ុណ្ណោះទេ ប៉ុន្តែជាវេទិកាដ៏សំខាន់មួយ ដែលបង្កើតឱ្យមានការជួបជុំ និងការប្រាស្រ័យទាក់ទងគ្នារវាងយុវជន ព្រមទាំងរួមចំណែកពង្រឹងស្មារតីរួបរួមជាតិ និងប្រមូលផ្តុំយុវជនពីគ្រប់ទិសទី ដើម្បីកសាងកម្លាំងមហាសាមគ្គីខ្មែរដ៏រឹងមាំ ព្រោះថាមិត្តភាព សាមគ្គីភាព ការឯកភាព សុខដុមនីយ៍កម្ម ភាពរឹងមាំនៃសង្គមកម្ពុជារបស់យើង ត្រូវតែវិនិយោគ ហ៊ាន លះបង់ចូលរួមចំណែក ហើយកសាងបន្តិចម្ដងៗ ហើយជាប្រចាំ ដើម្បីធានាថាជាតិយើងមានភាពរឹងមាំក្នុងគ្រប់ការលៈទេសៈទាំងអស់៕

