ព្រះមហាក្សត្រ មានព្រះរាជបន្ទូល កោតសរសើរចំពោះប្រជាជាតិកម្ពុជា និងប្រមុខរាជរដ្ឋាភិបាលក្នុងការការពារ និងថែរក្សាប្រាសាទព្រះវិហារ

(ភ្នំពេញ)៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា មានព្រះរាជបន្ទូលកោតសរសើរ និងអរគុណដ៏ជ្រាលជ្រៅចំពោះប្រជាជាតិកម្ពុជាទាំងអស់ និងប្រមុខរាជរដ្ឋាភិបាល ក្នុងការការពារ និងថែរក្សាប្រាសាទព្រះវិហារ ព្រមទាំងយុទ្ធសាស្ត្ររួមបញ្ចូលគ្នា រវាងមនសិការស្នេហាជាតិនឹងផ្អែកលើច្បាប់អន្តរជាតិ ដើម្បីធានានូវសម្បត្តិបេតិកភណ្ឌដូនតាមួយនេះ ស្ថិតក្រោមអធិបតេយ្យភាព របស់កម្ពុជាជានិរន្តរ៍ ក្រោយពីជម្លោះតាមព្រំដែន។
នេះបើយោងតាមព្រះរាជសារជូនជនរួមជាតិរបស់ព្រះមហាក្សត្រ នាថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៦នេះ ក្នុងឱកាសអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦)។
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី មានព្រះរាជបន្ទូលដូចនេះថា «ក្រោយពីទទួលរងនូវការរំលោភបំពាន និងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរលើបូរណភាពទឹកដីពីសំណាក់បរទេស នឹងដោយផ្អែកតាមស្មារតីនៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ទូលព្រះបង្គំខ្ញុំ ព្រះករុណាខ្ញុំ សូមកោតសរសើរ និងអរគុណដ៏ជ្រាលជ្រៅចំពោះប្រជាជាតិកម្ពុជាទាំងអស់ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឆ្នើម ឈ្លាសវៃ និងប៉ិនប្រសប់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ និងបន្តមកបច្ចុប្បន្នសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខរាជរដ្ឋាភិបាលក្នុងការការពារ និងថែរក្សាប្រាសាទព្រះវិហារ ព្រមទាំងយុទ្ធសាស្ត្ររួមបញ្ចូលគ្នា រវាងមនសិការស្នេហាជាតិនឹងផ្អែកលើច្បាប់អន្តរជាតិ ដើម្បីធានានូវសម្បត្តិបេតិកភណ្ឌដូនតាមួយនេះ ស្ថិតក្រោមអធិបតេយ្យភាព របស់កម្ពុជាជានិរន្តរ៍ ក្រោយពីជម្លោះតាមព្រំដែន»។
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក៏មានព្រះរាជបន្ទូល ថ្លែងនូវអំណរគុណដ៏ជ្រាលជ្រៅ និងគាំទ្រជាខ្លាំង ចំពោះកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់ រាជរដ្ឋាភិបាល ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អាជ្ញាធរជាតិព្រះវិហារ និងគណៈកម្មាធិការសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រប្រាសាទព្រះវិហារ ICC/PREAH VIHEAR និងការថែទាំបន្ត ដែលដឹកនាំដោយសហប្រធានជាតំណាងនៃសាធារណរដ្ឋ ឥណ្ឌា និងសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងដៃគូកិច្ចសហប្រតិបត្តិការជាតិ-អន្តរជាតិទាំងអស់ផងដែរ៕


