សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ ការរៀបចំការប្រកួតកីឡាជាតិ រៀងរាល់ពីរឆ្នាំម្តង ជាយុទ្ធសាស្រ្តលើកកម្ពស់សកម្មភាពអប់រំកាយ និងកីឡា ក្នុងសង្គមកម្ពុជា

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានបញ្ជាក់ឲ្យដឹងថា ការរៀបចំការប្រកួតកីឡាជាតិរៀងរាល់ពីរឆ្នាំម្តង ជាយុទ្ធសាស្រ្តលើកកម្ពស់សកម្មភាពអប់រំកាយ និងកីឡា ក្នុងសង្គមកម្ពុជា។
ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីភាពបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ប្រារព្ធឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិក នៅយប់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ការរៀបចំការប្រកួតកីឡាជាតិរៀងរាល់ពីរឆ្នាំម្តង ជាយុទ្ធសាស្រ្តលើកកម្ពស់សកម្មភាពអប់រំកាយ និងកីឡា ក្នុងសង្គមកម្ពុជា ជាឧបករណ៍សម្រាប់វាស់ស្ទង់សមត្ថភាពអត្តពលិក និងក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡា ដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួត និងរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាថ្នាក់តំបន់ និងអន្តរជាតិ នាពេលអនាគត»។
បន្ថែមពីនោះទៀត ព្រមទាំងជាយន្តការត្រួតពិនិត្យវឌ្ឍនភាព និង វាយតម្លៃចំណុចខ្លាំង ចំណុចខ្វះខាត ដើម្បីដាក់ចេញទិសដៅអភិវឌ្ឍបន្ត។ នេះជាការបញ្ជាក់បន្ថែម របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា ការរៀបចំកីឡាជាតិជនពិការ រួមជាមួយការប្រកួតកីឡាជាតិ គឺដើម្បីបង្ហាញថា សមត្ថភាពរបស់មនុស្ស មិនមែនវាស់វែងដោយផ្អែកទាំងស្រុងលើកាយសម្បទានោះទេ, ពោលគឺត្រូវកំណត់ដោយផ្អែកលើទេពកោសល្យ ការខិតខំព្យាយាម និង សមិទ្ធផលដែលពួកគេសម្រេចបាន។
លើសពីនោះទៀត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កីឡាករ កីឡាការិនីមានពិការភាព គឺជានិម្មិតរូបនៃភាពអត់ធ្មត់, ឆន្ទៈមោះមុត និង ការតស៊ូឆ្ពោះទៅរកគោលដៅ ខណៈដែលការចូលរួមរបស់ពួកគេ រំឭកយើងថា ឧបសគ្គមិនមែនជាហេតុផលត្រឹមត្រូវ នៃការបោះបង់ឱកាសនោះទេ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ប្រជាពលរដ្ឋ និង សហគមន៍ ត្រូវចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការកសាងសង្គមកម្ពុជាមួយ ដែលផ្តល់ឱកាសឱ្យមនុស្សគ្រប់រូប អាចអភិវឌ្ឍសមត្ថភាព, បញ្ចេញទេពកោសល្យ, និង ចូលរួមក្នុងសកម្មភាពសង្គម សេដ្ឋកិច្ច បានពេញលេញ និងដោយស្មើភាព៕


