លោកស្រីបណ្ឌិត អ៊ុក ម៉ាលី នាំយកទេយ្យវត្ថុ និងបច្ច័យរបស់តេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្វាយប្រគេន សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ១៤កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ក្រោមការចាត់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា លោកស្រីបណ្ឌិត អ៊ុក ម៉ាលី សមាជិកាព្រឹទ្ធសភា និងជាអគ្គហេរញ្ញិកកាកបាទក្រហមកម្ពុជា បានអញ្ជើញ ចូលក្រាបថ្វាយបង្គំគាល់សាកសួរពីព្រះរាជសុខភាព ព្រមទាំងនាំយកនូវទេយ្យវត្ថុ និងបច្ច័យមួយចំនួន របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្វាយប្រគេនផ្ទាល់ចំពោះសម្ដេចជាអម្ចាស់ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត នៅមហាកុដិ ក្នុងវត្តបទុមវត្តីរាជវរារាម រាជធានីភ្នំពេញ។
ការចាត់តំណាងមកក្រាបថ្វាយបង្គំគាល់សាកសួរពីព្រះរាជសុខភាព នាំយកនូវទេយ្យវត្ថុ និងបច្ច័យមួយចំនួន មកថ្វាយប្រគេនផ្ទាល់ចំពោះសម្ដេចជាអម្ចាស់ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត គឺសម្តេចទាំងទ្វេតែងតែធ្វើឡើងមិនដែលរំលងឡើយ ស្ទើរជារៀងរាល់ខែ និងតាមគ្រប់តាមរដូវកាលបុណ្យទាន តាមទំនៀមទម្លាប់ប្រពៃណីសាសនារបស់ខ្មែរយើង។
សម្រាប់ទេយ្យវត្ថុនៅក្នុងព្រឹកនេះ រួមមានទឹក ត្រៃចីវរ ១, ទឹកត្រចៀកកាំមួយកន្ត្រក,ទឹកអ៉ិនសួរមួយកន្ត្រក, ផ្លែឈើមួយកន្ត្រក, ត្រីងៀត សាច់ក្រកមួយកន្ត្រក, ភេសជ្ជ:ជំនួយសុខភាព ៣កេស, ទឹកបរិសុទ្ធ ៩កេស រួមទាំងទេយ្យទានមួយចំនួនទៀត និងបច័្ចយចំនួន ១០លានរៀល។
ឱកាសដ៏វិសេសវិសាលនេះផងដែរ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត បានជូនពរសព្ទសាធុការដល់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចតេជោ ហ៊ុន សែន, សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត, ព្រមទាំងបុត្រាបុត្រី ចៅប្រុស ចៅស្រី សូមជួបប្រទះតែនឹងព្រះពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
ចំណោះបុណ្យកុលសដែលបានធ្វើនាពេលនេះ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សូមឧទ្ទិសមហាកុសលផលបុណ្យនាថ្ងៃនេះ ជូនចំពោះដួងវិញ្ញាណក្ខន្ធលោកមហាឧបាសក លីន គ្រី និងអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលជាបិតា មាតាបង្កើតរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ព្រមទាំង វិញ្ញាណក្ខន្ធអ្នកឧកញ៉ាមហាភក្តី សប្បុរិសភោគាធិបតី ហ៊ុន នាង និងលោកយាយមហាឧបាសិកា ឌី ប៉ុក ដែលជាបិតា មាតាបង្កើតរបស់សម្តេចតេជោ ហ៊ុនសែន លោកជំទាវមហាសទ្ធាភិរ័ក្ខធម្មសិរិរតន៍ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ប៊ុន សុថា ប្អូនស្រីបង្កើតសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និង ហ៊ុន កំសត់ កូនប្រុសច្បង សម្ដេចតេជោ និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ព្រមទាំងឧទិ្ទសមហាកុសល ជូនដួងវិញ្ញាណក្ខ័ន្ធ ជីដូន ជីតា និងញាត្ដិការទាំងប្រាំពីរសន្ដាន ដែលបានចែកឋានទៅកាន់បរលោក៕

