
(ភ្នំពេញ)៖ ក្រសួងយុត្តិធម៌ នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦នេះ បានបង្ហាញលទ្ធផលនៃការដោះស្រាយរឿងក្តី និងការត្រួតពិនិត្យភាពមិនប្រក្រតីនៅតាមតុលាការរយៈពេល ៦ខែ ឆ្នាំ២០២៦ ដោយតុលាការគ្រប់ជាន់ថ្នាក់នៅទូទាំងប្រទេសទទួលបានសំណុំរឿងសរុបចំនួន ១២៩.១៣៧ សំណុំរឿង ហើយក្នុងនោះចាត់ការបានចំនួន ៨១.៤១៥ សំណុំរឿង ស្មើនឹង ៦៣,០៥%។
បើតាមអ្នកនាំពាក្យក្រសួងយុត្តិធម៌ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈបញ្ជាការដឹកនាំយុទ្ធនាការ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល ៦ខែ ក្នុងឆ្នាំ២០២៦ នៃការអនុវត្តយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ។
យុទ្ធនាការទាំងពីរនេះ ត្រូវបានប្រកាសដាក់ចេញព្រមគ្នាដោយក្រសួងយុត្តិធម៌ កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ សំដៅពង្រឹង និងលើកកម្ពស់សេវាយុត្តិធម៌ និងគុណភាពនៃយុត្តិធម៌។ គិតមកដល់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ យុទ្ធនាការទាំងពីរត្រូវបានអនុវត្តយ៉ាងសកម្មរយៈពេល ២ឆ្នាំ៦ខែ មកហើយ។
ក្នុងរយៈពេល ៦ខែ ឆ្នាំ២០២៦ នេះ តុលាការគ្រប់ជាន់ថ្នាក់នៅទូទាំងប្រទេសទទួលបានសំណុំរឿងសរុបចំនួន ១២៩.១៣៧ សំណុំរឿង ហើយក្នុងនោះចាត់ការបានចំនួន ៨១.៤១៥ សំណុំរឿង ស្មើនឹង ៦៣,០៥%។ នៅក្នុងចំណោមសំណុំរឿងសរុបទាំងនេះ រួមមានសំណុំរឿងព្រហ្មទណ្ឌចំនួន ៦៥.១៩៩ សំណុំរឿង ដែលចាត់ការបានចំនួន ៤៤.៦៨៩ សំណុំរឿង ស្មើនឹង ៦៨,៥៤% និងសំណុំរឿងរដ្ឋប្បវេណីចំនួន ៦៣.៩៣៨ សំណុំរឿង ដែលចាត់ការបានចំនួន ៣៦.៧២៦ សំណុំរឿង ស្មើនឹង ៥៧,៤៤%។
គណៈបញ្ជាការដឹកនាំយុទ្ធនាការ បានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលតុលាការគ្រប់ជាន់ថ្នាក់ទូទាំងប្រទេសសម្រេចបាន ដែលនេះបង្ហាញពីការយកចិត្តទុកដាក់ ប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងការដោះស្រាយរឿងក្ដីបានឆាប់រហ័សជូនប្រជាពលរដ្ឋ។

