ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ អញ្ជើញប្រកាសចូលកាន់មុខតំណែងប្រធានសាលាដំបូង និងព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រៃវែង

ព្រៃវែង)៖ ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីប្រកាសឱ្យចូលកាន់មុខតំណែងប្រធានសាលាដំបូង និងព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រៃវែង។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោក ស្រេង ជា សមាជិកក្រុមប្រឹក្សាខេត្តតំណាងលោក ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង, លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង រួមនិងមន្ត្រីពាក់ព័ន្ធ។
លោក សួស ឡា ប្រធានសាលាដំបូងខេត្តកំពង់ចាម ត្រូវបានប្រកាសចូលកាន់តំណែង ជាប្រធានសាលាដំបូងខេត្តព្រៃវែង ជំនួយលោក ហង់ ស៊ីថា ដែលត្រូវកាន់តំណែងជាប្រធានសាលាដំបូងខេត្តក្រចេះ។
លោក កូយ កាន់យ៉ា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ ត្រូវបានប្រកាសចូលកាន់តំណែងជាព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រៃវែង ជំនួសលោក គុជ គីមឡុង ដែលត្រូវកាន់តំណែងជាព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកណ្ដាល។
ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានផ្ដាំផ្ញើ និងណែនាំទាំងប្រធានសាលាដំបូង និងព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ដែលទើបកាន់តំណែងថ្មី ត្រូវសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ និងត្រូវអនុវត្តច្បាប់ដោយមានតម្លាភាព គិតពីផលប្រយោជន៍ប្រជាជនក្នុងខេត្តព្រៃវែង ដោះស្រាយបញ្ហាសន្តិសុខសង្គម និងកាត់ក្ដីតាមផ្លូវច្បាប់មិនលម្អៀង៕

